គិតត្រឹមថ្ងៃទី ១១ អ្នកជំងឺកូវីដ ១៩ ទាំង ២ នាក់ នៅតែមិនទាន់ជាសះស្បើយដោយសារមូលហេតុនេះ
រហូតមកដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ នេះ ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជានៅតែពុំមានការប្រែប្រួលគឺមានចំនួនសរុប ១២២ នាក់ ដោយក្នុងនោះគ្មានករណីឆ្លងថ្មី ហើយអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមានចំនួនតែ ២ អ្នកប៉ុណ្ណោះដែលមិនទាន់ជាសះស្បើយ ។
យោងតាមការថ្លែងរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទព័ត៌មានស្តីពីស្ថានភាពកូវីដ ១៩ នាថ្ងៃទី ១១ ខែឧសភានេះ បានឱ្យដឹងថា មូលហេតុដែលអ្នកជំងឺទាំង ២ អ្នកមិនទាន់ជាសះស្បើយដោយសារអ្នកទាំង ២ មានជំងឺផ្ទាល់ខ្លួនផ្សេងទៀត ។
ឯកឧត្តមបានឱ្យដឹងថា ស្រ្តីដែលជាអ្នកជំងឺមកពីខេត្តបន្ទាយមានជ័យមានបញ្ហាផ្លូវចិត្ត ចំណែកឯបុរសនៅខេត្តកំពង់ឆ្នាំងមានជំងឺទឹកនោមផ្អែម និង លើសឈាមផងដែរ ។ សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកទាំង ២ ត្រូវបានបញ្ជូនមកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវវៀត ក្នុងរាជធានីភ្នំពេញរួចហើយ ៕