ខ្លោចចិត្ត! អាយុទើប ៥ ឆ្នាំ រកឃើញកើតកូវីដ យួរស្បោងខោអាវ ឡើងឡានពេទ្យម្នាក់ឯង គួរឱ្យស្រណោះ
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាន និង កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជាឥតថមថយឡើយ រហូតមកទល់ថ្ងៃនេះ ។ វីរុសកូវីដ-១៩ ដ៏កាចសាហាវមួយនេះ មិនត្រឹមតែរាលដាលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះទេ បច្ចុប្បន្នក៏កំពុងរាតត្បាតនៅតាមបណ្ដាខេត្តនានានៅកម្ពុជា ដែលនាំឱ្យមានអ្នកជំងឺ ប្រុស ស្រី មនុស្សចាស់ និង កូនក្មេង ត្រូវឡើងឡានពេទ្យជាបន្តបន្ទាប់ គួរឱ្យស្រណោះ ។
ជាក់ស្ដែង បើក្រឡេកទៅមើលស្ថានការណ៍នៅខេត្តបាត់ដំបង តាមរយៈការបង្ហោះពីគណនីមួយដែលមានឈ្មោះ ពៅ សុវណ្ណារិន បានផ្ដល់ព័ត៌មានពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ ទៅលើក្មេងស្រីម្នាក់ ដែលមានអាយុទើបតែ ៥ ឆ្នាំប៉ុណ្ណោះ មានវិជ្ជមានកូវីដ-១៩ ដែលមានអាសយដ្ឋាននៅក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ តាមរយៈរូបភាពក្មេងស្រីដែលមានឈ្មោះ ណាត់ឆា និង ជាអ្នករកឃើញវិជ្ជមានកូវីដខាងលើ បានយួរស្បោងខោអាវពណ៌លឿងមួយស្បោង ជាមួយទឹកមុខគួរឱ្យអាណិត ត្រៀមនឹងឡើងឡានពេទ្យដើម្បីទៅព្យាបាលម្នាក់ឯង ខណៈពុំឃើញមានឪពុកម្ដាយ ឬ អាណាព្យាបាលនៅជិតនោះឡើយ ។
ទិដ្ឋភាពរៀបចំឡើងឡាន ដ៏គួរឱ្យស្រណោះមួយនេះ បានធ្វើឱ្យអ្នកនៅជិតនោះផ្ទាល់ ក៏ដូចជាមហាជនក្នុងបណ្ដាញសង្គម នាំគ្នាអាណិតអាសូរ ណាត់ឆា ជាពន់ពេក នាំគ្នាជូនពរឱ្យក្មេងស្រីរូបនេះ ឆាប់ជាសះស្បើយ ក្រោយពីក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាល នៅមណ្ឌលព្យាបាលកូវីដ-១៩ នៅក្នុងអនុវិទ្យាល័យមោង ខេត្តបាត់ដំបង ៕