ប្រហែសតែ ៥ នាទីអាចស្លា.ប់បាន! បុរសម្នាក់រៀបរាប់បង្កប់ទុក្ខសោក និងសារដាស់តឿន ក្រោយឪពុកឆ្លងកូវីដកម្រិតធ្ងន់
បើគិតមកទល់ថ្ងៃនេះ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាន និង កំពុងបន្តរាលដាលឥតស្រាកស្រាន្តឡើយ ដោយបន្សល់ទុកនូវអ្នកជំងឺកូវីដ-១៩ ជាច្រើននាក់ មានទាំងកម្រិតស្រាល និង កម្រិតធ្ងន់ ។ អ្នកដែលបានឆ្លងកម្រិតស្រាល ត្រូវដាក់ឱ្យព្យាបាលនៅតាមផ្ទះ រីឯអ្នកដែលឆ្លងកម្រិតធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលព្យាបាល ក៏ដូចជាមន្ទីរពេទ្យ ជាដើម ។
ជុំវិញការសង្គ្រោះនៅកន្លែងអ្នកឆ្លងកម្រិតធ្ងន់នេះទៀតសោត បើតាមគណនីមួយដែលមានឈ្មោះ Mak Pannharoth បានរៀបរាប់ពីទុក្ខលំបាករបស់លោក ដែលមើលថែឪពុករបស់ខ្លួន កើតជំងឺកូវីដ-១៩ នៅកន្លែងសង្គ្រោះ ឱ្យបានដឹងថា មានរឿងលំបាកច្រើនណាស់ដែលលោកធ្លាប់ឆ្លងកាត់ តែរឿងលំបាកលើកនេះ គឺចារជាប្រវត្តិសាស្រ្តក្នុងឆាកជីវិតរបស់ខ្លួន ដោយបុរសរូបនេះបន្តព្យាបាល និង ថែទាំឪពុករបស់ខ្លួន ២៤ ម៉ោង មានពេលគេងតែ ២ ម៉ោងទៅ ៤ ម៉ោងប៉ុណ្ណោះ ។
បន្ថែមលើសពីនេះ បុរសដែលជាម្ចាស់គណនីខាងលើ បានរៀបរាប់បន្តឱ្យដឹងទៀតថា ការគេងនេះទៀតសោត គឺរូបលោកបានចែកវេនជាមួយម្ដាយរបស់ខ្លួន ដែលត្រូវជាភរិយារបស់អ្នកជំងឺ ។ ជាក់ស្ដែងជំងឺដ៏កាចសាហាវនេះ បើប្រហែសតែ ៥ នាទី គឺអាចបណ្ដាលឱ្យអ្នកជំងឺស្លាប់បាន ។ បុរសរូបនេះ បានបន្តទៀតថា ជំងឺនេះមិនអាចមើលស្រាលបានទេ កុំទុកដល់ ១ អាទិត្យឱ្យសោះ ព្រោះពិបាកព្យាបាលណាស់ ដូច្នេះសូមថែរក្សាការពារសុខភាពជាមួយម៉ាស់ និង អាល់កុលជាប្រចាំ ពេលចេញក្រៅ ៕