ឪពុក មិនធ្វើចត្តាឡីស័កត្រឹមត្រូវ ទីបំផុតទៅចម្លងកូវីដដល់ ប្រពន្ធ និងកូនអាយុទើប ១ ខួប គួរឱ្យអាណិត
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ តាមរយៈផេកផ្លូវការរបស់លោក នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មានពីការរកឃើញ អ្នកបន្ទាយស្រីចំនួន ៤ នាក់ មានវិជ្ជមានកូវីដ-១៩ ក្នុងរង្វង់ពីរបីថ្ងៃចុងក្រោយនេះ ដែលក្នុងនោះមានក្មេងតូចម្នាក់ អាយុទើបតែ ១ ខួប ត្រូវបានរកឃើញឆ្លងកូវីដ-១៩ ពីឪពុករបស់ខ្លួន គួរឱ្យអាណិត ។
ករណីទាំង ៤ ដែលបានរកឃើញ គឺជាករណីឆ្លងបន្តនៅក្នុងសហគមន៍ ដែលបណ្តាលមកពីបុរសជាប្តីម្នាក់មានឈ្មោះ ហោ សុវណ្ណរ៉េត មានអាសយដ្ឋាននៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលលោកបានចម្លងបន្តទៅក្រុមគ្រួសារដែលជាអ្នកភូមិតាកុះ នៃឃុំព្រះដាក់ ដែលក្នុងនោះរួមមាន ប្រពន្ធឈ្មោះ ទុយ ស្រីដើង ឳពុកក្មេកឈ្មោះ ម៉ុត យឿន ព្រមទាំងកូនតូចអាយុទើបតែ ១ ឆ្នាំ ឈ្មោះ ហោ សេរីបុត្រ ។
មូលហេតុដែលនាំឱ្យមានការឆ្លង គឺបណ្ដាលមកពី បុគ្គលជាប្តី និងជាឪពុកក្មេង មិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដោយខ្លួនបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកលក់ដូរនៅផ្សារលើ និង តម្រូវឱ្យដាក់ខ្លួននៅដាច់ដោយឡែក ក្នុងក្រុងសៀមរាប បើទោះជាលោកបានយកសំណាកលើកទី ១ រួចហើយ ។
ដោយឡែកបុរសរូបនេះ មិនបានបន្តដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកឡើយ បែរជាលួចចេញពីផ្ទះរបស់ខ្លួននៅក្រុងសៀមរាប ហើយមកកាន់ផ្ទះមួយទៀត នៅស្រុកបន្ទាយស្រី ទើបបណ្តាលឱ្យឆ្លងបន្តដល់ប្រពន្ធ កូន និងក្រុមគ្រួសារ ហើយថែមទាំងធ្វើឱ្យមានមនុស្សពាក់ព័ន្ធជាច្រើនទៀត ត្រូវបានធ្វើចត្តាឡីស័ក៕