បុរសកើតកូវីដម្នាក់ ព្យាបាលខ្លួនឯងនៅផ្ទះបាន ៥ ថ្ងៃ តេស្តរហ័សស្មានថាជា ស្រាប់តែទៅឆ្លងដល់ម្ដាយធ្ងន់ធ្ងរ
តាមរយៈផេក វេជ្ជបណ្ឌិត ហ៊ុយ រិទ្ធី ដែលជាគ្រូពេទ្យ ក្នុងក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានលើកឡើងពីករណីបុរសម្នាក់ មានវិជ្ជមានកូវីដ-១៩ បានព្យាបាលកូវីដ-១៩ នៅផ្ទះដោយខ្លួនឯង និង បានធ្វើតេស្តរហ័ស ក្រោយធូរស្រាល ៥ ថ្ងៃ ដោយទទួលបានលទ្ធផលអវិជ្ជមាន លុះទៅតេស្តម៉ាស៊ីនធំ PCR បែរជាមានលទ្ធផលវិជ្ជមាន ហើយបានបណ្ដាលឱ្យឆ្លងដល់ម្ដាយរបស់ខ្លួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
តាមរយៈការរៀបរាប់លម្អិតបានឱ្យដឹងថា ដើមឡើយបុរសខាងលើ មានអាការក្អក និង ឈឺករយៈពេល ៣ ថ្ងៃ ទើបសម្រេចចិត្តទិញតេស្តរហ័ស ដើម្បីតេស្តមើល ស្រាប់តែលទ្ធផលចេញមកវិជ្ជមានកូវីដ-១៩ ។ បុរសរូបនេះ ក៏សម្រេចព្យាបាលខ្លួនឯងនៅផ្ទះ រហូតដល់ ៥ ថ្ងៃក្រោយ មានអាការធូរស្រាល ក៏បានធ្វើតេស្តម្តងទៀតដោយទទួលបានលទ្ធផលអវិជ្ជមាន ។ លុះស្អែកឡើងមិនអស់ចិត្ត រូបគេក៏បានតេស្តម្តងទៀត ដោយរុកជ្រៅជាងមុន ក៏នៅតែទទួលបានលទ្ធផលអវិជ្ជមានទៀត ។
ក្រោយទទួលបានលទ្ធផលបែបនេះ បុរសរូបនេះបានគិតថា រូបលោកបានជាសះស្បើយហើយ ក៏ទៅលេងម្តាយរបស់គេ និង រស់នៅដូចធម្មតា ។ ការពិតមិនដូច្នេះទេ ដោយវេជ្ជបណ្ឌិត បានប្រាប់បុរសដែលជាអ្នកជំងឺកូវីដ-១៩ ខាងលើ ឱ្យទៅធ្វើតេស្តម៉ាស៊ីនធំ (PCR test) ដែលជាលទ្ធផលគឺ វិជ្ជមានកូវីដ-១៩ ។ អ្វីដែលកាន់តែគួរឱ្យសោកស្ដាយទៀតនោះ ក្រោយតេស្តម៉ាស៊ីនធំប៉ុន្មានថ្ងៃបន្ទាប់ ស្រាប់តែរកឃើញម្តាយអ្នកជំងឺរូបនេះ ក៏វិជ្ជមានកូវីដ-១៩ ហើយមានអាការស្ថិតនៅកម្រិតធ្ងន់ទៀតផង ។
ជុំវិញរឿងនេះ វេជ្ជបណ្ឌិត ហ៊ុយ រិទ្ធី បានបញ្ជាក់ឱ្យដឹងថា ពេលមានអាការដំបូងៗ លទ្ធផលនៃការរកឃើញវីរុសរបស់តេស្តរហ័សខ្ពស់ណាស់ប្រហែល ៩៨% តែក្រោយពីបាត់អាការ ឬ គ្មានអាការ លទ្ធភាពនៃការចាប់វីរុស មានប្រហែល ៣៥% ប៉ុណ្ណោះ ៕