លោកយាយម្នាក់ត្រូវឆ្កែខាំ ចេះតែមិនស្រួលខ្លួន ដល់ពេលផុតទុក្ខ ស្រាប់តែតេស្តឃើញកូវីដ-១៩
នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា មានករណីស្រ្តីចំណាស់វ័យ ៨៥ ឆ្នាំម្នាក់ ត្រូវបានសត្វឆ្កែខាំ ហើយមានអាការមិនស្រួលខ្លួន និង បានបាត់បង់ជីវិត លុះក្រុមគ្រូពេទ្យពិនិត្យសំណាកតេស្តរហ័ស ស្រាប់តែរកឃើញវិជ្ជមានកូវីដ-១៩ ។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅក្នុងភូមិអង្គាបុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ខណៈដែលសាកសពដែលបានស្លាប់ មានឈ្មោះ ស៊ុំ វ៉ាន់ ភេទស្រី អាយុ ៨៥ ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
បើតាមការបញ្ជាក់ពីកូនរបស់សពបានឱ្យដឹងថា កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ កូនៗបានមកយកម្តាយរបស់ខ្លួនទៅលេងនៅចម្ការក្នុងខេត្តសៀមរាប ហើយត្រូវបានសត្វឆ្កែខាំនៅទីនោះ ។ ក្រោយមកម្តាយរបស់ខ្លួន ក៏ចេះតែមានអាការមិនស្រួលខ្លួន ទើបកូនៗបាននាំម្តាយទៅភូមិណងចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីអញ្ជើញអាចារ្យមកសូត្រមន្ត និង សង្ឃទានជូន ។
ក្រោយរំលងបាន ២ ថ្ងៃ ដោយអាការម្តាយពុំបានធូស្បើយ ដោយនៅថ្ងៃទី ២៨ ខែកក្កដា កូនៗបានសម្រេចចិត្តយកម្តាយរបស់ខ្លួនមកផ្ទះវិញ បែរជាស្ត្រីវ័យចំណាស់រូបនេះ បានបាត់បង់ជីវិតនៅពាក់កណ្ដាលផ្លូវតែម្ដង ទើបគ្រួសារសពបានរាយការណ៍ទៅសមត្ថកិច្ច ក្រោយមកក្រុមគ្រូពេទ្យបានយកសំណាកលើសព ស្រាប់តែតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ តែម្ដង ។
ក្រោយរកឃើញបែបនេះ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន រួមទាំងគ្រូពេទ្យ បានរៀបចំវេចខ្ចប់សព ដើម្បីយកទៅបូជានៅទីតាំងបូជាសពកូវីដ-១៩ នៅភ្នំបាក់ សង្កាត់ទឹកថ្លា និង ប្រមូលក្រុមគ្រួសារ សាច់ញាតិ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធដើម្បីយកសំណាក ធ្វើតេស្តរកកូវីដ-១៩ ៕