ខ្លោចចិត្ត! ពេលចូលពេទ្យ មានគ្នាពីរនាក់ពុក តែចេញមកវិញ បែរស្ពាយកាតាបម្នាក់ឯង គ្មានវត្តមានពុកទៀត
មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាចូលរួមសម្ដែងការសោកស្ដាយ ក្រោយបុរសម្នាក់បានរៀបរាប់ពីទុក្ខសោកក្នុងជីវិតរបស់ខ្លួន ក្រោយបាត់បង់លោកពុកជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក ដោយសារតែជំងឺកូវីដ-១៩ គួរឱ្យសោកសង្រេងបំផុត។
ទាក់ទិនទៅនឹងរឿងនេះ បុរសដែលជាសាម៉ីខ្លួន មានគណនីឈ្មោះ Kong Meas បានរៀបរាប់ឱ្យបានដឹងថា ឪពុករបស់ខ្លួន បានរកឃើញវិជ្ជមានកូវីដ-១៩ តម្រូវឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពេលឡានពេទ្យមកទទួលឪពុក បុរសរូបនេះបានឡើងឡានស្ម័គ្រចិត្តកំដរ ដោយសារខ្លួនបានចាក់ដូសទី ៣ រួចរាល់។
ទន្ទឹមនឹងនោះ បុរសខាងលើ បានរៀបរាប់បន្តឱ្យបានដឹងថា ៖ «ពេលខ្ញុំទៅដល់កន្លែងព្យាបាល នៅអូឡាំពិច ឪពុកខ្ញុំ ត្រូវចូលទៅកន្លែងសង្រ្គោះបន្ទាន់ ត្រូវប្រើម៉ាស៊ីនអុកស៊ីសែនធំ ជួយដកដង្ហើម ហើយត្រូវប្រើអុកស៊ីសែនច្រើន ចំណែកធុងអុកស៊ីសែនមួយ ប្រើបានតែ ២០ ទៅ ៣០ នាទី ប៉ុណ្ណោះ គឺមានន័យថា ២៤ ម៉ោង ប្រើអស់ប្រហែល ៥០ ធុង គឺមានន័យថា ខ្ញុំត្រូវជញ្ជូនធុងអុកស៊ីសែន យ៉ាងតិច ៥០ ធុង មកប្រើម៉ាស៊ីនធំ ឱ្យឪពុកខ្ញុំ ហើយត្រូវប្តូរធុងនេះ ២០ ទៅ ៣០ នាទី ម្តងទាំងយប់ទាំងថ្ងៃ ខណៈពេលដែលខ្ញុំ ត្រូវមើលថែសភាពជំងឺឪពុកខ្ញុំផង»។
បុរសជាកូន បានបន្តទៀតថា ក្នុងមួយថ្ងៃ ខ្លួនគេងបានប្រហែល ១ ម៉ោង ទៅ ២ ម៉ោងប៉ុណ្ណោះ ដោយសារខ្លួនត្រូវតាមមើលអុកស៊ីសែនពុកកុំឱ្យអស់។ លោកបានចំណាយពេល ជាមួយឪពុកពេញ ៣ ថ្ងៃដោយអស់ចិត្ត ព្រោះឃើញគ្រូពេទ្យប្រើអស់លទ្ធភាព ហើយខ្លួនបានទិញថ្នាំពីក្រៅល្អ ដើម្បីព្យាបាលលោកពុកខ្លួន។
តែគួរឱ្យស្រណោះ នៅយប់ចុងក្រោយ ឪពុកបុរសខាងលើ មិនព្រមសម្រាន្តសោះ ដោយអង្គុយឱ្យលោកអង្អែលខ្នងរហូត មិនព្រមផ្ដេកខ្លួនទើបចេះតែឆ្ងល់ ខណៈការពិតគឺ ឪពុករបស់បុរសខាងលើ ចង់ចាយពេលជាមួយកូនជាទីស្រឡាញ់របស់ខ្លួនពេញមួយយប់ ជាលើកចុងក្រោយ។
ជាទីបញ្ចប់ បុរសដែលជាម្ចាស់គណនី បានរៀបរាប់ទាំងស្រណោះថា ៖ «នៅវេលាម៉ោង ៥ ព្រឹក គាត់បានចាកចេញពីខ្ញុំមែន! ខ្ញុំអង្គុយចាំឡានដឹកសពលើគ្រែ ជាមួយសាកសពឪពុកខ្ញុំ រហូតដល់ល្ងាច ទើបខ្ញុំចេញពីពេទ្យ ស្ពាយកាបូបគាត់ទាំងអាឡោះអាល័យបំផុត ព្រោះពេលចូលពេទ្យមានគ្នាពីរនាក់ ពេលចេញមកវិញតែម្នាក់ឯង»៕
ប្រភព ៖ Kong Meas