ផ្អើលខ្លាំង! រកឃើញតារាសម្ដែង TVB ហុងកុងចំនួន ២០ នាក់ឆ្លងកូវីដ-១៩
បច្ចុប្បន្ននេះ នៅហុងកុងកំពុងតែរងការរាតត្បាតខ្លាំងនៃរលកទី ៥ នៃវីរុសកូវីដ-១៩ ដែលករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគឺរហូតដល់ជិត ៥៧ ០០០ នាក់ឯណោះក្នុងមួយថ្ងៃ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនទូរទស្សន៍ដ៏ល្បីប្រចាំហុងកុង TVB គឺត្រូវបានឱ្យដឹងថា តែងតែមានការប្រុងប្រយ័ត្នខ្ពស់មែនទែនក្នុងការរក្សាសុវត្ថិភាព និង បញ្ចៀសការឆ្លងវីរុសដ៏កាចសាហាវមួយនេះ ប៉ុន្តែចុងក្រោយនៅតែមិនអាចគេចផុតបាន ដែលជាលទ្ធផលតារាសម្ដែងក្រោមក្រុមហ៊ុននេះយ៉ាងហោចណាស់ ២០ នាក់ បានរកឃើញឆ្លងនាពេលថ្មីៗនេះ ក្នុងនោះរួមមានតារាសម្ដែង Nancy Wu ផងដែរ។
ក្រោយមានតារាក្រោមក្រុមហ៊ុនជាច្រើនរកឃើញឆ្លងវីរុសកូវីដ-១៩ បន្តកន្ទុយគ្នា ទូរទស្សន៍ TVB ក៏បានសម្រេចចិត្តផ្អាកការថតខ្សែភាពយន្តភាគទាំងអស់របស់ខ្លួនរយៈពេលមួយសប្ដាហ៍សិន។ ស្ថានីយទូរទស្សន៍ប្រកាសផ្អាកនេះ គឺដើម្បីធ្វើការលាងសម្អាត កម្ចាត់មេរោគ រក្សាអនាម័យឱ្យបានប្រាកដប្រជាខ្ពស់ ដើម្បីធានាថា ក្រុមការងារវិលត្រឡប់មកវិញក្នុងបរិយាកាសដ៏សុវត្ថិភាពមួយ។
គួរឱ្យដឹងថា ដំបូងឡើយ ទូរទស្សន៍ TVB គ្រោងនឹងពន្យារការថតខ្សែភាពយន្តរហូតដល់ត្រឹមថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅប៉ុណ្ណោះ ប៉ុន្តែដោយសារតែករណីឆ្លងកូវីដ-១៩ កាន់តែអាក្រក់ទៅ ក្រុមហ៊ុនក៏សម្រេចចិត្តពន្យារពេលរហូតដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ ខាងមុខ៕
ប្រភព៖ Janestars