នៅហុងកុង កំពុងផ្ទុះកូវីដខ្លាំង រហូតអ្នកជំងឺខ្លះត្រូវដេកជាមួយស-ពតម្រៀបជុំវិញគ្រែ
ទិដ្ឋភាពដ៏រន្ធត់នៃកញ្ចប់ថង់ដាក់សាកសពជាច្រើននៃអ្នកកើតជំងឺកូវីដ-១៩ ត្រូវបានដាក់តម្រៀបគ្នាក្បែរគ្រែនៃអ្នកជំងឺកូវីដ-១៩ នៅដើមខែមីនានេះ ខណៈវីរុសដ៏កាចសាហាវមួយនេះ កំពុងផ្ទុះឆ្លងខ្លាំងក្លានៅហុងកុង។
កាលពីចុងសប្ដាហ៍កន្លងទៅ សារព័ត៌មានប្រចាំហុងកុង បានចេញផ្សាយរូបភាពមួយសន្លឹកនៃថង់ដាក់សាកសពចំនួន ៦ ដែលបានដាក់តម្រៀបក្នុងបន្ទប់អ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ចំនួន ៣ នាក់ ក្នុងដើមខែមីនានេះ។ រូបភាពដ៏រន្ធត់មួយសន្លឹកនោះដែរ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតពាសពេញបណ្ដាញសង្គមភ្លាមៗ ដែលបញ្ជាក់ឱ្យឃើញច្បាស់ថា មន្ទីរពេទ្យក្នុងក្រុងហុងកុង គឺកំពុងពោរពេញខ្លាំងទៅដោយអ្នកជំងឺ និង អ្នកស្លាប់ដោយវីរុសកូវីដ-១៩។
ទោះជាយ៉ាងណា ប្រធានផ្នែកគ្រប់គ្រងហានិភ័យ និង សុវត្ថិភាពអ្នកជំងឺប្រចាំមន្ទីរពេទ្យហុងកុង បានបញ្ជាក់ថា នាងបានទទួលព័ត៌មានពីរូបភាពមួយសន្លឹកនោះ ហើយនាងអះអាងថា រូបនោះ គឺថតក្នុងពេលយូរដែរហើយ ដោយបច្ចុប្បន្នស្ថានការណ៍គឺប្រសើរជាងមុនបន្តិចហើយ។
នាងបានបន្ថែមទៀតថា ៖«ខាងអ្នកគ្រប់គ្រងនៅមន្ទីរពេទ្យ យល់ច្បាស់ថា សាកសពច្រើនគឺមិនអាចបញ្ជូនទៅកន្លែងតម្កល់បានទាន់ពេលវេលានោះទេ។ ពួកយើងសង្ឃឹមថា គ្រប់គ្នានឹងយោគយល់ថា ខាងមន្ទីរពេទ្យគឺព្យាយាមអស់ពីកម្លាំងកាយចិត្តហើយ។ ពួកយើងក៏សុំអភ័យទោសចំពោះការកើតឡើងដ៏មិនសមរម្យមួយនេះសម្រាប់អ្នកជំងឺក្នុងបន្ទប់»៕