មិនចាញ់ហុងកុង! កូរ៉េខាងត្បូង កូវីដផ្ទុះដូចទឹកបាក់ទំនប់ មួយថ្ងៃឆ្លងជាង ៦២ ម៉ឺននាក់
តាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះ ប្រទេសកូរ៉េខាងត្បូង រកឃើញករណីផ្ទុះឆ្លងកូវីដ-១៩ ច្រើនខ្លាំងរហូតដល់ជាង ៦២ ម៉ឺននាក់ក្នុងថ្ងៃទី ១៧ ខែមីនានេះ ខណៈប្រទេសនេះកំពុងប្រឈមនឹងការរាលដាលឆ្លងខ្លាំងនៃវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង។
ក្នុងថ្ងៃទី ១៧ ខែមីនានេះ កូរ៉េខាងត្បូងប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៦២១ ៣២៨ នាក់ ដោយក្នុងនោះមាន ៦២ ករណី ជាករណីនាំចូល នាំឱ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ៨ ២៥០ ៥៩២ នាក់។
ព្រមគ្នានោះដែរ ចំពោះករណីស្លាប់វិញ ក៏មានការហក់ឡើងទ្វេដងដូចគ្នា ដោយត្រឹមមួយថ្ងៃនេះ កូរ៉េខាងត្បូងមានករណីស្លាប់ដោយកូវីដ-១៩ រហូតដល់ ៤២៩ នាក់ឯណោះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ១១ ៤៨១ នាក់។
ដោយឡែក បើទោះបីជាករណីឆ្លងវីរុសកូវីដ-១៩ កំពុងតែផ្ទុះឆ្លងខ្លាំងយ៉ាងណាក្ដី ប៉ុន្តែកូរ៉េខាងត្បូង គឺនឹងកំពុងចាត់វិធានការបន្ធូរបន្ថយលើការរឹតត្បិតទប់ទល់នឹងវីរុស ដើម្បីឱ្យប្រទេសទទួលបានភាពប្រក្រតីឡើងវិញ។ ការចង់បន្ធូរបន្ថយចំណាត់ការការពារវីរុសកូវីដ-១៩ នេះ គឺដោយសារតែការមានសម្ពាធពីអ្នកធ្វើអាជីវកម្មខ្នាតតូច រួមនឹងអ្នកមានមុខរបរខ្លួនឯងមួយចំនួនទៀត ដែលកំពុងជួបផលវិបាកខ្លាំងដោយសារជំងឺរាតត្បាតមួយនេះ៕
ប្រភព៖ Yonhap