កូរ៉េខាងជើង រកឃើញអ្នកឆ្លងជំងឺគ្រុនផ្ដាសាយរហូតដល់ ១.២ លាននាក់ ស្របពេលកូវីដកំពុងផ្ទុះឆ្លង
ប្រទេសកូរ៉េខាងជើង បានប្រកាសរកឃើញករណីគ្រុនផ្ដាសាយកម្រិតស្រាលចំនួន ១.២ លាននាក់ ដែលក្នុងចំណោមអ្នកជំងឺទាំងនោះ មានប្រមាណជាង ៥០ ម៉ឺននាក់ កំពុងធ្វើចត្តាឡីស័កខ្លួន។
នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នេះ ប្រទេសកូរ៉េខាងជើង បានរកឃើញអ្នកឆ្លងគ្រុនផ្ដាសាយចំនួន ៣៩២ ៩២០ នាក់បន្ថែម ខណៈអ្នកស្លាប់ថ្មីមានចំនួន ៨ នាក់ នាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៥០ នាក់ហើយ ចាប់តាំងពីប្រទេសនេះ ប្រកាសករណីឆ្លងកូវីដ-១៩ លើកដំបូងមក។ ទោះជាយ៉ាងណា បណ្ដាសារព័ត៌មានប្រចាំប្រទេសមួយនេះ មិនបានបញ្ជាក់លម្អិតនោះឡើយថា ករណីឆ្លង និង ស្លាប់ចំនួនប៉ុន្មាននាក់ ដែលបណ្ដាលមកពីវីរុសកូវីដ-១៩ នោះ។
ជាមួយគ្នានោះដែរ ខាងអ្នកជំនាញបានលើកឡើងថា ប្រទេសកូរ៉េខាងជើង គឺអាចនឹងខ្វះឧបករណ៍តេស្ត ដើម្បីបញ្ជាក់ឱ្យប្រាកដពីចំនួនករណីឆ្លងកូវីដ-១៩ នេះ ហើយអ្វីដែលពួកគេអាចធ្វើបានដើម្បីបញ្ចៀសការរាលដាលឆ្លងនៅពេលនេះ គឺយកអ្នកជំងឺដែលមានអាការសង្ស័យយកទៅធ្វើចត្តាឡីស័ក។ ព្រមគ្នានោះ ខាងអ្នកជំនាញក៏បង្ហាញក្ដីព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹងរងបញ្ហាសុខាភិបាលធ្ងន់ធ្ងរ ប្រសិនបើការផ្ទុះឆ្លងនេះ មិនអាចគ្រប់គ្រងបាន៕