កូរ៉េខាងត្បូង ត្រៀមខ្លួនរួចស្រេចក្នុងការផ្ដល់ជំនួយសុខាភិបាល ប្រសិនបើកូរ៉េខាងជើងយល់ព្រម
លោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង បាននិយាយថា លោកនឹងធ្វើការផ្ដល់ជំនួយគ្រប់បែបយ៉ាង ដើម្បីជួយកូរ៉េខាងជើង ទប់ទល់នឹងវីរុសកូវីដ-១៩ ដោយក្នុងនោះរួមមានទាំងជំនួយជាបុគ្គលិកពេទ្យផងដែរ ប្រសិនបើខាង Pyongyang ស្នើសុំ។
ថ្លែងក្នុងការបើកសុន្ទរកថានៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នេះ លោកប្រធានាធិបតីកូរ៉េខាងត្បូងថ្មី Yoon Suk-yeol បាននិយាយថា ៖ «ពួកយើងមិនមានការអែអង់ក្នុងការផ្ដល់ជំនួយសំខាន់ៗដល់ពលរដ្ឋនៅកូរ៉េខាងជើង ដែលកំពុងប្រឈមនឹងការគំរាមកំហែងដោយវីរុសកូវីដ-១៩ នោះឡើយ។ ប្រសិនបើកូរ៉េខាងជើង ព្រមទទួលជំនួយពីកូរ៉េខាងត្បូង ពួកយើងនឹងជួយគ្រប់បែបយ៉ាង រួមមានទាំងវ៉ាក់សាំង ឧបករណ៍ពេទ្យ រួមទាំងបុគ្គលិកសុខាភិបាលផងដែរ»។
គួរឱ្យដឹងថា នេះគឺជាលើកទី ២ ហើយ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង ដែលប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសផ្ដល់ជំនួយជួយដល់កូរ៉េខាងជើង ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
ទោះជាយ៉ាងណា មកទល់ពេលនេះ ខាងកូរ៉េខាងជើង នៅបន្តស្ងប់ស្ងាត់ មិនមានការឆ្លើយតបអ្វីឡើយជុំវិញការផ្ដល់ជំនួយរបស់កូរ៉េខាងត្បូងនេះ។ គួររំឭកថា កូរ៉េខាងជើងនៅថ្ងៃទី ១៦ ខែឧសភានេះ រកឃើញករណីឆ្លងផ្ដាសាយកម្រិតស្រាលចំនួន ៣៩២ ៩២០ នាក់ និង ករណីស្លាប់ ៨ នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសកើនដល់ ៥០ នាក់ហើយ គិតតាំងពីប្រទេសនេះ ប្រកាសករណីឆ្លងកូវីដ-១៩ ដំបូងមក៕