មិនទទួលជំនួយ កូរ៉េខាងជើង បែរណែនាំឱ្យពលរដ្ឋប្រើថ្នាំផ្សំ ទឹកអំបិល និង តែទឹកឃ្មុំ ព្យាបាលកូវីដ-១៩
ប្រទេសកូរ៉េខាងជើង បានណែនាំឱ្យប្រើប្រាស់ថ្នាំបន្ថយកម្ដៅ ថ្នាំផ្សះ និង ថ្នាំផ្សំតាមផ្ទះ ដើម្បីព្យាបាលកូវីដ-១៩ ស្របពេលប្រទេសនេះ នៅមិនទាន់មានយុទ្ធនាការចាក់វ៉ាក់សាំងការពារនៅឡើយ។
ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ប្រទេសកូរ៉េខាងជើង បានប្រកាសករណីផ្ដាសាយថ្មីចំនួន ២៦៩ ៥១០ នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកកើតអាការផ្ដាសាយសរុបពាសពេញប្រទេសជិត ១.៥ លាននាក់ ដោយក្នុងនោះអ្នកស្លាប់បានកើនដល់ ៥៦ នាក់។ ទោះជាយ៉ាងណា ខាង Pyongyang មិនបានបញ្ជាក់លម្អិតនោះឡើយថា ករណីឆ្លង និង ស្លាប់ប៉ុន្មាននាក់ដោយវីរុសកូវីដ-១៩ នោះ។
ក្នុងនោះដែរ សារព័ត៌មានប្រចាំកូរ៉េខាងជើងបានឱ្យដឹងថា ដើម្បីព្យាបាលកូវីដ-១៩ ប្រទេសនេះ បានណែនាំឱ្យអ្នកជំងឺប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និង ថ្នាំបន្ថយកម្ដៅដូចជា ថ្នាំ ibuprofen, amoxicillin និង ថ្នាំផ្សះ រួមទាំងណែនាំឱ្យខ្ពុល ឬ ផឹកទឹកអំបិល តែទឹកឃ្មុំ និង តែស្លឹករុក្ខជាតិផ្សេងៗ ៣ ដងក្នុងមួយថ្ងៃ។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិ ស្ត្រីវ័យចំណាស់ម្នាក់នៅ Pyongyang បាននិយាយថា គាត់ហាក់ប្រសើរជាងមុន ក្រោយផឹកទឹកខ្ញី និង រក្សាបន្ទប់ឱ្យមានខ្យល់ចេញចូលល្អ។ ស្ត្រីរូបនោះបានរៀបរាប់ថា ៖ «ខ្ញុំដំបូងឡើយខ្លាចកូវីដ-១៩ នេះណាស់ តែក្រោយធ្វើតាមការណែនាំរបស់ពេទ្យ និង ទទួលបានការព្យាបាលត្រឹមត្រូវ ខ្ញុំក៏យល់ថា វាមិនអាក្រក់ដូចការរំពឹងទុកនោះទេ»៕