ដល់-ក! កូរ៉េខាងជើង រកឃើញករណីសង្ស័យកូវីដ-១៩ ជាង ២៦ ម៉ឺននាក់ទៀត សរុបកើនជិត ២ លាននាក់
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ នេះ ប្រទេសកូរ៉េខាងជើង ប្រកាសករណីស្លាប់ថ្មី ១ នាក់បន្ថែម និង ករណីសង្ស័យកូវីដ-១៩ ជាង ២៦ ម៉ឺននាក់ទៀត ដែលនាំឱ្យចំនួនករណីផ្ដាសាយសរុបឡើងដល់ជិត ២ លាននាក់ហើយ។
តាមរយៈព័ត៌មានទទួលបានពីទីស្នាក់ការកណ្ដាលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបន្ទាន់ បានឱ្យដឹងថា ពលរដ្ឋប្រមាណ ២៦២ ២៧០ នាក់ មានអាការផ្ដាសាយ និង អ្នកស្លាប់ថ្មីម្នាក់ ក្នុងរយៈពេលត្រឹម ២៤ ម៉ោង។ គិតតាំងពីចុងខែមេសាមក ករណីជំងឺផ្ដាសាយសរុបក្នុងប្រទេសនេះ គឺហក់ឡើងខ្លាំងរហូតដល់ ១.៩៧ លាននាក់ ដោយក្នុងនោះមនុស្សជាង ១.២៣ លាននាក់បានជាសះស្បើយ និង យ៉ាងហោចណាស់ ៧៤០ ១៦០ នាក់ កំពុងទទួលការព្យាបាល។
គួរឱ្យដឹងថា បច្ចុប្បន្នប្រទេសកូរ៉េខាងជើង កំពុងរងការរាតត្បាតខ្លាំងនៃវីរុសសង្ស័យថាជាកូវីដ-១៩ ខណៈរដ្ឋាភិបាលបានកំពុងដុតដៃដុតជើង បញ្ជូនកងទ័ពទៅផ្គត់ផ្គង់ថ្នាំសង្កូវដល់ឱសថស្ថាននានាក្នុងក្រុង Pyongyang ដើម្បីធ្វើការចែកចាយ និង ព្យាបាលដល់អ្នកជំងឺទាំងអស់៕