ចិន ប្រាប់ពលរដ្ឋខ្លួនរស់នៅជាប់ព្រំដែនកូរ៉េខាងជើង ឱ្យបិទបង្អួចត្រឹមត្រូវជៀសវាងឆ្លងកូវីដ-១៩
រដ្ឋាភិបាលក្រុង Dandong ដែលជាទីក្រុងមួយរបស់ចិនជាប់ព្រំប្រទល់ជាមួយកូរ៉េខាងជើង បានណែនាំពលរដ្ឋខ្លួនឱ្យបិទបង្អួចឱ្យបានត្រឹមត្រូវ នៅពេលខ្យល់បក់ពីខាងត្បូងមក ដើម្បីបញ្ចៀសហានិភ័យឆ្លងជំងឺកូវីដ-១៩។
តាមសារព័ត៌មាន Global Times បានឱ្យដឹងក្នុងសប្ដាហ៍នេះថា ទីក្រុង Dandong បានរងការកើនឆ្លងវីរុសកូវីដ-១៩ភ្លាមៗ បើទោះបីជាមានវិធានការតឹងរឹងតាំងពីខែមេសា ឆ្នាំ ២០២២ មកក្ដី។ អាជ្ញាធរក្នុងទីក្រុងនោះដែរ បច្ចុប្បន្នមិនទាន់រកឃើញប្រភពចម្លងនៃវីរុសនេះចូលក្រុងរបស់ខ្លួនឡើយ ហើយបើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងប្រចាំក្រុង Dandong បានបញ្ជាក់ថា ភាគច្រើននៃករណីឆ្លងក្នុងសហគមន៍កាលពីសប្ដាហ៍មុន គឺជាអ្នកដែលមិនដែលចាកចេញពីផ្ទះយ៉ាងហោចណាស់ ៤ ថ្ងៃ មុនពួកគេរកឃើញវិជ្ជមានកូវីដ-១៩។
ជាមួយគ្នានោះ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ រដ្ឋាភិបាលក្រុង Dandong បានណែនាំឱ្យពលរដ្ឋបើកបង្អួចរបស់ពួកគេនៅពេលមានពន្លឺថ្ងៃ ដើម្បីឱ្យមានខ្យល់ចេញចូលល្អ ប៉ុន្តែត្រូវបិទឱ្យបានត្រឹមត្រូវ និង កំណត់ពេលវេលាចេញក្រៅ នៅពេលអាកាសធាតុប្រែជាសើម និង ចុះអ័ព្ទ។ ជាងនេះទៅទៀត ពួកគេក៏ជំរុញឱ្យពលរដ្ឋដែលរស់នៅតាមដងទន្លេ Yalu ដែលជាប់ព្រំដែននឹងកូរ៉េខាងជើង ឱ្យបិទទ្វារនៅថ្ងៃដែលខ្យល់ធ្លាក់ពីទិសខាងត្បូងផងដែរ ព្រោះបើតាមពលរដ្ឋនៅ Dandong ពួកគេជឿជាក់ថា អាជ្ញាធរគឺបារម្ភថា ខ្យល់គឺអាចបក់នាំរោគកូវីដមកពីកូរ៉េខាងជើងចូលប្រទេសចិន។
ទោះជាយ៉ាងណា មកទល់បច្ចុប្បន្ននេះ មិនមានភស្តុតាងវិទ្យាសាស្ត្រណាបញ្ជាក់ថា វីរុសកូវីដ-១៩ អាចរាលដាលចម្លងតាមខ្យល់បរិយាកាសក្នុងរយៈចំងាយឆ្ងាយនោះឡើយ ដោយតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ហានិភ័យចម្លងកូវីដ-១៩ គឺខ្ពស់បំផុត នៅពេលដែលយើងពាក់ព័ន្ធជាមួយអ្នកកើតកូវីដនៅរយៈចំងាយ ១ ទៅ ១.៨ ម៉ែត្រ៕