ចែកគ្នាដឹង! ចាប់ថ្ងៃទី ១ ខែកក្កដា អ្នកដំណើរចូលប្រទេសថៃ លែងត្រូវការធានារ៉ាប់រងកូវីដ និង Thailand Pass ហើយ
ការចុះលិខិតអនុញ្ញាតចូលប្រទេសថៃ (Thailand Pass) និង តម្រូវការធានារ៉ាប់រងកូវីដ-១៩ នឹងត្រូវលុបចោលសម្រាប់អ្នកដំណើរទាំងអស់ ដែលចូលក្នុងប្រទេសថៃចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់បញ្ជាក់នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ នេះ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានឱ្យដឹងថា ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំ CCSA នៅថ្ងៃសុក្រនេះ។ អ្នកដំណើរដែលចូលប្រទេសថៃទាំងអស់ នឹងទាមទារតែការបង្ហាញកាតវ៉ាក់សាំងកូវីដ-១៩ ឬ ក៏លទ្ធផលតេស្តប៉ុណ្ណោះ។
ដោយឡែកសម្រាប់អ្នកដែលមិនមានកាតវ៉ាក់សាំង ឬ លទ្ធផលតេស្តកូវីដ ពេលទៅដល់ ពួកគេនឹងតម្រូវឱ្យទទួលការធ្វើតេស្ត នៅឯចំណុចច្រកចូលព្រំដែនអចិន្ត្រៃយ៍។ ការធ្វើតេស្តនេះ នឹងបន្តធ្វើឡើងរហូតរដ្ឋាភិបាលបញ្ចប់វិធានការណ៍ទប់ស្កាត់កូវីដ-១៩ គ្រប់បែបយ៉ាងទាំងអស់៕