គីម ជុងអ៊ុន ថាការផ្ទុះកូវីដក្នុងប្រទេស ដោយសារពលរដ្ឋប៉ះវត្ថុមិនស្គាល់អត្តសញ្ញាណហោះពីកូរ៉េខាងត្បូង
កូរ៉េខាងជើង បានលើកឡើងថា ការផ្ទុះឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួន គឺចាប់ផ្ដើមកើតមានឡើង នៅពេលដែលពលរដ្ឋខ្លួន បានមានការប៉ះពាល់ជាមួយនឹង វត្ថុមិនស្គាល់អត្តសញ្ញាណ ដែលហោះមកពីប្រទេសកូរ៉េខាងត្បូង។
ជាក់ស្ដែង បើតាមអាជ្ញាធរសុខភាពពិភពលោកបាននិយាយដែរថា ការចម្លងវីរុសកូវីដ-១៩ តាមរយៈការប៉ះពាល់វត្ថុដែលផ្ទុកវីរុស គឺវាពិតជាអាចកើតមានឡើងមែន ប៉ុន្តែបើតាមក្រសួងមួយរបស់កូរ៉េខាងត្បូងបានថ្លែងថា វាមិនអាចទៅរួចនោះទេ ដែលវីរុសឆ្លងចូលកូរ៉េខាងជើង តាមក្រដាសខិត្តប័ណ្ណ និង ប៉េងប៉ោង ដែលបង្ហោះកាត់ព្រំដែននោះ។
គួរបញ្ជាក់ថា រយៈពេលរាប់ឆ្នាំមកហើយ ដែលក្រុមសកម្មជន បានធ្វើការបង្ហោះប៉េងប៉ោងដោយភ្ជាប់ជាមួយខិត្តប័ណ្ណឃោសនារិះគន់មេដឹកនាំកូរ៉េខាងជើងរាប់ពាន់រាប់ម៉ឺនសន្លឹក ឆ្លងកាត់ព្រំប្រទល់ពីត្បូងទៅជើង៕