អង្គការ WHO ព្រមានពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី JN.1 កំពុងផ្ទុះឆ្លងខ្លាំងតាមបណ្ដាប្រទេសជាច្រើន
ក្នុងសេចក្ដីប្រកាសព័ត៌មានជាសកល ដែលបានចេញផ្សាយនៅថ្ងៃទី ២០ ខែធ្នូ កន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ពួកគេបានចាត់ថ្នាក់វីរុស JN.1 ជាវីរុសបំប្លែងខ្លួនថ្មី ដែលគួរឱ្យព្រួយបារម្ភ ដោយសារតែការរាលដាលឆ្លងខ្លាំងរបស់វា។
កាលពីមុន វីរុសបំប្លែងខ្លួន JN.1 ត្រឹមចាត់ទុកថាជាផ្នែកមួយនៃវីរុស BA.2.86 នៃពូជរបស់អូមីក្រុង។ វាត្រឹមជាវីរុសបំប្លែងខ្លួនថ្នាក់ទាបជាង វីរុសដែលគួរឱ្យព្រួយបារម្ភផ្សេងៗទៀត ដូចជា វីរុស Alpha, Delta និង Omicron ជាដើម។
យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ វីរុសបំប្លែងខ្លួន JN.1 គឺជាមេរោគចម្បងនៃរលកថ្មីនៃជំងឺកូវីដ-១៩ ដែលចាប់ផ្ដើមផ្ទុះឡើងនៅចុងរដូវកាលស្លឹកឈើជ្រុះនាបណ្ដាប្រទេសនៅអឺរ៉ុប និង សហរដ្ឋអាមេរិក។ ក្រោយរកឃើញឆ្លងនៅ Luxembourg កាលពីខែសីហា កន្លងទៅ វីរុសបំប្លែងខ្លួនថ្មីនេះដែរ ក៏បានសាយភាយខ្លួនយ៉ាងរហ័ស នៅតាមទីកន្លែងជាច្រើនទៀត។
ជាក់ស្ដែង តាមការចេញផ្សាយរបស់កាសែត Global Times បានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែធ្នូ កន្លងទៅ វីរុសបំប្លែងខ្លួន JN.1 ត្រូវបានរកឃើញឆ្លងយ៉ាងហោចណាស់ ៤០ ប្រទេស ដោយចំនួនខ្ពស់បំផុតស្ថិតក្នុងបណ្ដាប្រទេសអឺរ៉ុប។ ដោយឡែក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ បណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ី ក៏បានផ្ទុះឆ្លងនូវរលកថ្មីនៃជំងឺកូវីដ-១៩ នេះដែរ ដោយតិច និង ច្រើន គឺមានទាក់ទងជាមួយវីរុស JN.1 នេះ។
គួរឱ្យដឹងផងដែរថា បើតាមការលើកឡើងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ខណៈវីរុសបំប្លែងខ្លួនថ្មី JN.1 បង្ហាញឱ្យឃើញថា វាអាចគេចពីប្រព័ន្ធភាពស៊ាំ និង ងាយរាលដាលឆ្លងយ៉ាងឆាប់រហ័សក៏ពិតមែន ប៉ុន្តែនៅមិនទាន់មានសញ្ញាណាបញ្ជាក់ថា វាមានសមត្ថភាពធ្វើឱ្យអ្នកជំងឺមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះឡើយ។
ទោះជាយ៉ាងណា ខាងអង្គការ WHO ក៏នៅតែព្រមាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាជំងឺកូវីដ-១៩ គឺមិនមែនជាបញ្ហាមេរោគផ្លូវដង្ហើមតែមួយមុខនោះទេ ក្នុងរដូវរងានេះ ក៏មានភ្នាក់ងារបង្ករោគផ្លូវដង្ហើមផ្សេងៗទៀតមកជាមួយគ្នា ដែលវាអាចប៉ះពាល់ដល់ប្រព័ន្ធសុខភាពរបស់យើងគ្រប់គ្នា៕