រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ៤ ករណីលើពលរដ្ឋ
កាលពីយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យបានដឹងថា ក្រសួងបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ទៅលើពលរដ្ឋ ៤ ករណី ខណៈបច្ចុប្បន្ននេះអ្នកជំងឺទាំង ៤ នាក់នោះបានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទេគឺជា វីរុសបំប្លែងថ្មី ដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មីដែល ជាប្រភេទព្រួយបារម្មណ៍ VOC ( Variant of Concern) នោះទេ។
ទន្ទឹមនឹងនេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ក៏បានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដោយតេស្តរហ័សនៅក្នុងចំណោមអ្នកជំងឺ ដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យ យកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងវីរុសបំប្លែងថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចជា ៖
• អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ដែលលាងដៃ។
• ត្រូវខ្ទប់មាត់ និង ច្រមុះពេលក្អក កណ្តាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាបបិទជិត។
• អ្នក ដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺដូចជា កុមារ ជនចាស់ជរា ជន ដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ ដែលមានមនុស្សច្រើន បើមិនមានការ ចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និង រក្សាគម្លាតពីគ្នា ព្រមទាំងមាន អ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តវិធានការដូចជម្រាបជូនខាងលើនេះ។
• បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ជួស ទាំងដូសូមូលដ្ឋាន និង ដូសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀៗខ្លួនឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩។
• ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលសមស្រប៕