កក្រើកជាថ្មី! Lee Min Ho ត្រូវគេនិយាយពីសម្រស់ ក្រោយលេចមុខផ្សាយផលិតផលថែរក្សាសម្រស់មួយ
កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ហាងលក់ផលិតផលថែរក្សាសម្រស់មួយ បានចេញពាណិជ្ជកម្មថ្មីមួយរបស់ខ្លួន ដែលមានតារាសម្ដែង Lee Min Ho ជាអ្នកផ្សព្វផ្សាយ។
ក្នុងវីដេអូនោះដែរ Lee Min Ho បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងរូបសម្រស់របស់លោកជាខ្លាំង ដោយសារតែលោកហាក់មានសាច់ជាងមុន និងមុខមានសភាពហើម ខុសប្លែកកាលពីមុន។ ជាក់ស្ដែងលើបណ្ដាញសង្គម Weibo របស់ចិន ពាក្យគន្លឹះ «Lee Min Ho’s swollen face» គឺកំពុងស្ថិតលើកំពូលចុចរកតែម្ដង។
ការប្រែប្រួលរូបរាងរបស់តារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះ បានធ្វើឱ្យមហាជនជាច្រើនប្រតិកម្មលើរូបសម្រស់របស់លោកថា «ខ្ញុំមើលគាត់មិនស្គាល់ទេ» «អូ៎ មុខគាត់ហើមខ្លាំងណាស់»។ ជាការពិត នេះមិនមែនជាលើកទីមួយឡើយ ដែល Lee Min Ho ប្រែរូបរាង ហាក់មានសាច់ជាងមុនបែបនេះ។ Lee Min Ho គឺងាយនឹងឡើងសាច់លឿនណាស់។ ជាក់ស្ដែង លោកធ្លាប់បានបញ្ជាក់ពីបញ្ហានេះផ្ទាល់មាត់ដែរថា៖ «មុខរបស់ខ្ញុំងាយនឹងហើមណាស់។ ពេលខ្លះ មុខខ្ញុំពេលព្រឹក និងពេលយប់ ក៏មានសភាពខុសគ្នាខ្លាំងដែរ»។
យ៉ាងណាមិញ បើទោះជាមុខមាត់ប្រែប្រួលបន្តិចមែន ប៉ុន្តែក៏នៅមានអ្នកគាំទ្រមួយចំនួនបញ្ចេញមតិការពារ និងលើកសរសើរថា លោកនៅតែសង្ហាខ្លាំងដូចដើមដដែល៕
ប្រភព៖ Kenh14