អស់ពី សុគន្ធ និសា! ស្រាប់តែ ពេជ្រ សោភា ចេញបទថ្មីមិនមែនជាការផលិតរបស់ផលិតកម្មរស្មីហង្សមាស
ថ្មីៗនេះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលម្តងរួចមកហើយ បន្ទាប់ពីតារាចម្រៀង សុគន្ធ និសា បានបង្ហោះ BIO នៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងជាតារាចម្រៀងឯករាជ្យ ដែលចង់បញ្ជាក់ថា អ្នកនាងបានចាកចេញពីផលិតកម្មរស្មីហង្សមាសហើយ។
យ៉ាងណាមិញ ក្រឡេកទៅមើលអ្នកនាង ពេជ្រ សោភា ឯណោះវិញ ក៏មានអ្នកគាំទ្រចាប់អារម្មណ៍ដែរ ក្រោយពីអ្នកនាង បានផលិតបទចម្រៀងថ្មី ដែលជាបទចម្រៀង Cover ពីតារាចម្រៀងជំនាន់ដើម អ្នកស្រី មាស សុម៉ាលី គឺបទ «យ៉ងម៉ាឌូ»។ ក្នុងនោះ ចំណុចធ្វើឱ្យអ្នកគាំទ្រមានចម្ងល់ គឺការផលិតចម្រៀងនេះ មិនស្ថិតក្នុងការផលិតរបស់ផលិតកម្មរស្មីហង្សមាសឡើយ។
ម្យ៉ាងវិញទៀត ក្រឡេកទៅមើលការបញ្ចេញមតិឆ្លងឆ្លើយរវាងអ្នកនាង ពេជ្រ សោភា ទៅកាន់អ្នកគាំទ្រក្នុងខមមិនវិញនោះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា៖ «ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នៅតែស្រលាញ់ខ្ញុំជាខ្ញុំ បើទោះជាខ្ញុំនៅកន្លែងណាក៏ដោយ»។
បើទោះជាការផលិតចម្រៀង និង ការបញ្ចេញមតិលើខមមិនរបស់អ្នកនាង ពេជ្រ សោភា ធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យពីការជ្រកក្រោមទ្រនំរស្មីហង្សមាសយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រនៅមានការស្រពិចស្រពិលនៅឡើយនោះទេ ដរាបណាសាមីខ្លួននៅមិនទាន់ចេញមុខមកបញ្ជាក់ជាផ្លូវការនៅឡើយ៕