ទម្លាយប្រវត្តិជូរចត់ Anne ម្ចាស់ថ្មី Miss Universe ឆ្លងកាត់ជីវិតស្មានមិនដល់ ទម្រាំមានឈ្មោះជាអភិជនល្បីរន្ទឺនៅថៃ
ថ្មីៗនេះ ដំណឹងដ៏ភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ជាពិសេសសម្រាប់អ្នកគាំទ្រកម្មវិធីប្រកួតសម្រស់ Miss Universe ក្រោយ Anne Jakapong មហាសេដ្ឋីថៃត្រូវបានប្រកាសថាក្លាយជាម្ចាស់កម្មសិទ្ធិថ្មី ១០០% របស់កម្មវិធីនេះ ដែលធ្វើឱ្យនាងក្លាយជាស្ត្រីកែភេទដំបូងបង្អស់ប្រចាំអាស៊ានដែលបានកាន់កាប់ដំណែងនេះ។
យ៉ាងណាមិញ មុនពេលមានជីវិតជោគជ័យក្លាយជាសេដ្ឋីនី Anne បានចែករំលែកបទពិសោធន៍ជីវិតតាមរយៈការសម្ភាសន៍ជាមួយសារព័ត៌មាន Bangkok Post ឱ្យដឹងថា៖ «នាងធ្លាប់ឆ្លងកាត់រឿងរ៉ាវជីវិតកម្សត់ជាច្រើន ក្នុងនោះរួមមានការបៀតបៀនផ្លូវភេទពីគ្រូបង្រៀនតន្ត្រីនៅសាលាទាំងនៅវ័យក្មេងទៀតផង»។ Anne បានរៀបរាប់ថា៖ «ខ្ញុំឈ្មោះ Jakapong ឈ្មោះពិត Jakrajutatip ខ្ញុំមិនបានកើតនៅបាងកកទេ។ ឪពុកម្ដាយខ្ញុំចាប់ផ្ដើមពីការចាប់ដៃរកស៊ីដោយបើកហាងលក់ទំនិញតូចមួយ ហើយពួកយើងបានធ្វើការផ្លាស់ប្ដូរមករស់នៅបាងកកពេលខ្ញុំមានអាយុ ៥ ឆ្នាំ»។
«នៅអាយុ ៥ ឆ្នាំ ជាពេលដែលខ្ញុំបានដឹងថាខ្លួនខ្ញុំបានកើតមកខុសរាងកាយ ដោយខ្ញុំតែងសម្លឹងឃើញខ្លួនឯងជាមនុស្សស្រីដែលត្រូវបានឃុំក្នុងខ្លួនក្មេងប្រុស។ ហើយខ្ញុំត្រូវបានបញ្ជូនឱ្យទៅរៀននៅសាលាគ្រិស្ដសាសនា ដែលជាសាលាក្មេងប្រុសសុទ្ធ។ ខ្ញុំតែងរស់នៅលាក់កំបាំងមនុស្ស ២ ក្នុងខ្លួនតែមួយ ដោយពេលមកផ្ទះខ្ញុំតែងចាក់សោទ្វារបន្ទប់ហើយតុបតែងមុខ ខណៈពេលដែលខាងក្រៅខ្ញុំត្រូវដើរតួនាទីជាក្មេងប្រុស។ ក្រោយមកប្អូនស្រីខ្ញុំជាមនុស្សដំបូងដែលបានដឹងរឿងនេះ តែនាងមិននិយាយអ្វីឡើយ គឺនាងនៅតែស្រឡាញ់ខ្ញុំដូចដើម យើងក្លាយជាមិត្តល្អនឹងគ្នា ហើយនាងក៏មិនដែលយករឿងអាថ៌កំបាំងខ្ញុំ ប្រាប់ឪពុកម្ដាយខ្ញុំឡើយ»។
«នៅសាលាខ្ញុំត្រូវក្មេងដទៃធ្វើបាបជាច្រើន ហើយក៏ត្រូវក្រុមគ្រូបង្រៀនដាក់កំហិតដូចគ្នា ដោយពួកគេបានហៅខ្ញុំថា Queer ដែលសំដៅដល់មនុស្សភេទទីបី ឬ មនុស្សស្រឡាញ់ភេទដូចគ្នា ដែលនាសម័យនោះគឺមិនទាន់ពេញនិយមនារីកែភេទ ឬ Trans woman នៅឡើយ។ គ្រូបានហៅខ្ញុំ និងក្មេងៗដែលជាភេទទីបីជាច្រើននាក់ទៀតមកស្ដីបន្ទោស ហើយថាពួកយើងត្រូវតែផ្លាស់ប្ដូរ ដើម្បីអនាគត វាហាក់បីដូចជាយើងធ្វើខុសទៅជក់បារី ឬប្រើគ្រឿងញៀន ទាំងដែលការពិតធម្មជាតិជាអ្នកបង្កើតយើងមកបែបនេះ»។
«នៅថ្នាក់វិទ្យាល័យខ្ញុំបានតម្រូវឱ្យចូលសម្ដែងល្ខោនរឿង រាមកេរ្តិ៍ ដោយខ្ញុំជាតួឯកសំខាន់ និងជាមេក្រុមម្នាក់ ក្នុងចំណោមសិស្សជាង ៥០ នាក់។ ហើយពួកយើងបានធ្វើការរៀបចំដើម្បីការសម្ដែងនេះអស់រយៈពេល ៦ ខែ។ មុនថ្ងៃសម្ដែងមួយថ្ងៃ គ្រូតន្ត្រីខ្ញុំបានមកប្រាប់ខ្ញុំថា «ក្មេងៗជាច្រើនបានទៅស្នាក់នៅផ្ទះគាត់នៅយប់នេះ ដើម្បីក្រោកពីម៉ោង ៥ ព្រឹកជុំគ្នា រៀបតែងខ្លួនមុនសម្ដែង ដើម្បីងាយស្រួលមិនយឺត»។ តែពេលខ្ញុំទៅដល់ផ្ទះគាត់គឺក្មេងណាម្នាក់ទៅសោះឡើយក្រៅពីខ្ញុំ ហើយខ្ញុំក៏បានសុំខ្ចីទូរស័ព្ទដើម្បីទាក់ទងទៅអ្នកផ្ទះ តែគាត់មិនឱ្យគាត់និយាយថា គេងនៅទីនេះហើយ ដោយខ្ញុំនឹងគេងនៅបន្ទប់ទល់មុខគាត់»។
«ពេលអធ្រាត្រចូលដល់អំឡុងពេលគេង គាត់បានចូលមកបន្ទប់ខ្ញុំហើយចាក់សោទ្វារ និងបានបង្ខំឱ្យខ្ញុំធ្វើតាមគាត់បញ្ជាគ្រប់យ៉ាង ហើយគាត់បានគម្រាមខ្ញុំថា «បើសិនជាខ្ញុំនិយាយពីរឿងនេះតែមួយម៉ាត់ ខ្ញុំនឹងមិនមានរឿងល្អនៅសាលាឡើយ ហើយខ្ញុំនឹងត្រូវបានអ្នកដទៃសើចចំអក»។ ថ្ងៃបន្ទាប់ខ្ញុំឈឺចាប់រាងកាយជាខ្លាំង ខ្ញុំបានអង្គុយយំនៅក្នុងបន្ទប់ទឹកជាមួយឈាម ក្រោយត្រូវគ្រូតន្ត្រីរំលោភ តែខ្ញុំនៅតែឡើងសម្ដែងមិនថាទោះឈឺចាប់ប៉ុណ្ណា ដោយមានវគ្គខ្លះខ្ញុំមិនអាចសម្ដែងបានដូចជាវគ្គត្រូវដួល ហើយងើបមកវិញភ្លាមៗ។ ខ្ញុំបន្ដការសម្ដែងព្រោះតែចង់បង្ហាញពីទំនួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជាតួឯកម្នាក់ និងជាមេក្រុមម្នាក់»។
«រឿងរ៉ាវនេះខ្ញុំមិនបាននិយាយប្រាប់អ្នកណាឡើយ ដោយមានគំនិតជាច្រើនបានគាបសង្កត់ធ្វើឱ្យខ្ញុំលាក់ទុកតែម្នាក់ឯង សូម្បីតែប្អូនស្រី និងឪពុកម្ដាយខ្ញុំ ក៏គាត់មិនបានដឹងសោះឡើយ។ ខ្ញុំបានជ្រើសរើសដោយការសរសេររឿងរ៉ាវជីវិតទាំងអស់ទុកចូលទៅក្នុងសៀវភៅកំណត់ហេតុ ដែលវាជាវត្ថុតែម្យ៉ាងគត់លើលោកនេះដែលខ្ញុំជឿជាក់បំផុត។ ពេលដែលខ្ញុំត្រូវការភាពកក់ក្ដៅ ខ្ញុំតែងឱបសៀវភៅនោះជាប់ ព្រោះខ្ញុំមានអារម្មណ៍ថាពិភពលោកនេះគឺឯកាគួរឱ្យខ្លាចណាស់»។
«ក្រោយមកខ្ញុំបានអានប្រទះនឹងព័ត៌មានរបស់ស្ត្រីម្នាក់នៅលើសារព័ត៌មានថៃ ដោយនាងឈ្មោះថា Oprah Winfrey ដោយគេបានសរសេរថានាងត្រូវបានគេរំលោភ ហើយក្លាយជាស្ត្រីដែលជោគជ័យក្នុងអាជីពពិធីការិនីទូរទស្សន៍។ នាងត្រូវបានគេរំលោភនៅអាយុ ៩ ឆ្នាំ ដែលស្ដាប់ទៅហេតុការណ៍កើតឡើងលើនាងគឺអាក្រក់ជាងខ្ញុំទៅទៀត។ ពេលនោះហើយដែលជាពេលខ្ញុំបានតាំងចិត្តថា ខ្ញុំមានមនុស្សម្នាក់ដែលខ្ញុំអាចមើលដំណើរជីវិតបាន ហើយចាប់តាំងពីពេលនោះមកខ្ញុំបានហ្វឹកហាត់ខ្លួនឯង ចាប់កាន់មេក្រូ រៀននិយាយធ្វើជាពិធីករ ដាក់គោលដៅដោយចង់ក្លាយជាអ្នកកាន់កម្មវិធីដែលល្បីបំផុត ដែលមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី ១។ ខ្ញុំសម្រេចចិត្តថារឿងដែលលាក់ទុក ១២ ឆ្នាំមកនេះ ខ្ញុំនឹងមិនខ្លាចអ្វីទៀតឡើយ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធ្វើវាឱ្យបាន មិនថាមានរឿងអ្វីកើតឡើង គ្មាននរណាអាចបញ្ឈប់ខ្ញុំបានទេ»។
«ហើយនៅអាយុ ១៣ ឆ្នាំ ខ្ញុំបានប្រមូលកម្លាំងកាយចិត្តទាំងអស់របស់ខ្ញុំចាប់ផ្ដើមធ្វើវា។ ពេលនោះឱកាសដំបូងរបស់ខ្ញុំគឺមានគ្រូម្នាក់ ដែលគាត់ជាគ្រូល្អ គាត់បានប្រកាសជ្រើសរើសសិស្សដែលចង់ចូលរួមការប្រកួត Public Speech Contest ឆ្នាំ ១៩៩៥ ហើយក្នុងមួយថ្នាក់មានតែខ្ញុំប៉ុណ្ណោះដែលលើកដៃចូលរួម គ្រប់គ្នាក៏សើចចំអកខ្ញុំ តែគ្រូម្នាក់នោះបានបង្ហាត់បង្រៀនខ្ញុំ ហើយអ្នកដឹងទេឱកាសដំបូងនេះគឺខ្ញុំបានឈ្នះ ហើយបានជ័យលាភីលំដាប់ទី ១ ហើយខ្ញុំក៏បានចូលប្រកួតកម្មវិធីនិយាយដទៃទៀតជាង ១០០ ប្រកួត ដើម្បីជាជំហានឈានទៅរកការជោគជ័យ ចេញផុតពីការមើលងាយទាំងឡាយ»។
«ហើយមានពេលមួយពួកយើងបានចូលរួមប្រកួតកម្មវីធីនិយាយតទល់ ឬហៅថា Debate Show នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ហើយខ្ញុំបានក្លាយជាប្រធានក្រុមតំណាងសាលា ហើយពួកយើងបានប្រកួតឈ្នះម្ដងទៀត។ ដែលពេលនោះខ្ញុំសម្រេចចិត្តឈប់រៀនពីសាលាគ្រិស្ដសាសនា ហើយទៅបន្ដការសិក្សានៅទីក្រុង Sydney ប្រទេសអូស្ត្រាលី ដែលវាប្រៀបបីដូចជាផ្ទះទី ២ របស់ខ្ញុំ ដោយក្នុងគោលបំណងដើម្បីសិក្សាបន្ថែមពីភាសាអង់គ្លេស ដើម្បីក្លាយជា TV Host ដ៏ល្អម្នាក់ ហើយខ្ញុំរៀនរហូតបញ្ចប់ថ្នាក់មហាវិទ្យាល័យនៅទីនោះ»។
«ក្រោយមកទៀត ខ្ញុំក៏បានជួយការងារបន្ដវេនពីឪពុកម្ដាយខ្ញុំដែលពួកយើង ជាហាងលក់ឌីវីឌី និងចាក់បញ្ចាំងវីដេអូឈ្មោះថា VHS។ អំឡុងពេលគ្រប់គ្រង ខ្ញុំបានមើលកម្មវិធីទូរទស្សន៍ថៃ រឿងភាគថៃ និងរឿងខ្សែភាពយន្ដថៃផ្សេងទៀត វាមានភាពដដែលៗ ដែលជាពេលខ្ញុំកើតគំនិតថាយើងគួរផ្លាស់ប្ដូរ គួរតែរកអ្វីដែលមិនមែនជាភាពច្រំដែល ហើយខ្ញុំមើលប៉ុស្តិ៍អន្ដរជាតិ BBC រាល់ថ្ងៃជាមួយកម្មវិធីបែបឯកសារឈ្មោះថា Walking With Dinosaurs ដែលរៀបរាប់ប្រវត្តិពីការចាប់កំណើតផែនដី រហូតដល់ការវិនាសផុតពូជនៃសត្វដាយណូស័រ។ ហើយខ្ញុំគិតថាកម្មវិធីនេះល្អមើល ចឹងខ្ញុំក៏បានទាក់ទងទៅ BBC ជាមួយថវិកាតិចតួច ដើម្បីចែកចាយ Show នេះបន្ដតាមរយៈហាង VHS។ តែគ្មានអ្នកណាទិញសោះឡើយ លក់មិនបានសូម្បីមួយច្បាប់»។
«ហើយក្រោយមកខ្ញុំឃើញគេផ្សាយពាណិជ្ជកម្មឧបករណ៍ហាត់ប្រាណនៅលើទូរទស្សន៍ ខ្ញុំក៏សាកល្បងទាក់ទងផ្សាយពាណិជ្ជកម្មកម្មវិធីនោះនៅលើទូរទស្សន៍ដោយគិតថាបើគេឃើញអាចនឹងមានមនុស្សចាប់អារម្មណ៍ហើយទិញជាភាគៗមួយកម្មវិធីពេញ។ ហើយពួកយើងក៏ជោគជ័យ លក់ដាច់ជាង ១ លានច្បាប់កូពី ហើយវាក្លាយជាកម្មវិធីឯកសារធំបំផុតប្រចាំប្រទេស ដែលជាពេលខ្ញុំនិយាយទៅកាន់ឪពុកខ្ញុំថា «ប៉ាៗ ទីបំផុតលុយដែលកូនជំពាក់ (លុយចិញ្ចឹមជីវិតតាំងពីតូច) ទាំងប៉ុន្មាន ខ្ញុំមានលទ្ធភាពសងអ្នកហើយ»។ ខ្ញុំបានសងគាត់ទាំងអស់ក្នុងរយៈពេល ១ ឆ្នាំ ហើយខ្ញុំអាចរកលុយបាន ១០ លានបាតជាលើកដំបូងបំផុតក្នុងអាយុ ២១ ឆ្នាំ។ ហើយខ្ញុំបានក្លាយជាអ្នកចែកចាយកម្មវិធីទូរទស្សន៍របស់ BBC ដោយបកប្រែពីអង់គ្លេសមកថៃ ហើយចែកចាយទៅទូរទស្សន៍ថៃ។ ក្រោយមកខ្ញុំក៏បានចែកចាយកម្មវិធីទូរទស្សន៍អន្តរជាតិជាច្រើនទៀតដូចជា National Geographic, History Channel, Discovery Channel ជាដើម។ មិនត្រឹមតែប៉ុណ្ណោះខ្ញុំក៏បានក្លាយជាអ្នកចែកចាយបន្ដរឿងភាគល្បីៗ Hollywood, កូរ៉េ, ជប៉ុន, ចិន ដើម្បីដាក់បញ្ចាំងនៅហាង VHS នឹងលក់ជា DVD Blu-Ray ហើយក្លាយជាអ្នកចែកចាយធំបំផុត។ ហើយខ្ញុំបានទិញសិទ្ធផ្ដាច់មុខក្នុងការចែកចាយ រហូតមានលទ្ធភាពក្លាយជា TV Host កម្មវិធីផ្ទាល់ខ្លួនឈ្មោះថា Andrew Show ដោយដើរតាមលំនាំ Oprah Winfrey»។
«ពេលនោះហើយដែលដៃគូជំនួញខ្ញុំបានមកបបួលខ្ញុំទៅបើកប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួន ដោយឱ្យលុយខ្ញុំក្នុងតម្លៃ ៦០ លានបាត។ គ្រប់យ៉ាងព្រមព្រៀងត្រឹមតែប៉ុន្មាននាទី ហើយខ្ញុំបានផ្ដោតទៅលើការនាំចូលអ្វីថ្មីដែលមិនទាន់មានលើទីផ្សារក្នុងប្រទេសនោះគឺរឿងភាគជប៉ុន កូរ៉េ ដែលនាំឱ្យបណ្ដាលចិត្តដាក់ឈ្មោះប៉ុស្តិ៍ថ្មីផ្ទាល់ខ្លួនរបស់ខ្ញុំថា JKN Channel។ ខ្ញុំទទួលបានការនិយាយលេងសើចជាច្រើនពីឈ្មោះប៉ុស្តិ៍នេះថាវាមកពីពាក្យ Japan Korean Network តែតាមពិតទៅវាមកពីពាក្យពេញថា «Jakapong Network»។ គ្រប់យ៉ាងគឺចាប់ផ្ដើមពីពេលនោះមក»៕