(វីដេអូ) ពេញចិត្តអ្នកគាំទ្រស្ដូក! វ៉ាង ស្រីណូ ឆ្លើយតបត្រង់ៗ ពេលមានគេសួរមិនឃើញទៅមង្គលការ សុភ័ក្ត្រ កុសុម៉ា
នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ ពិធីមង្គលការរបស់ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុភ័ក្រ្ត កុសុម៉ា និង ស្វាមី លោក កែវ ផុនផល្លា បានប្រារព្ធទៅតាមបែបប្រពៃណីខ្មែរយ៉ាងអធិកអធម ដោយកម្មវិធីបានរៀបចំតាមប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជួន។ លើសពីនោះ ក្រឡេកទៅមើលឈុតសម្លៀកបំពាក់ប្រពៃណីរបស់កូនកំលោះកូនក្រមុំ ក៏ស្រស់ស្អាត ថ្លៃថ្នូរ ឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរដ៏ផូរផង់គួរឱ្យកោតសសើរ។
ដោយឡែក បើក្រឡេកទៅមើលកម្មវិធីជប់លៀងទទួលភ្ញៀវពេលល្ងាចវិញ កូនកំលោះកូនក្រមុំ ក៏កាន់តែស្រស់សោភា ជាមួយស្នាមញញឹមរាក់ទាក់ទៅកាន់ភ្ញៀវកិត្តិយស ដែលគេសង្កេតឃើញមានការអញ្ជើញចូលរួមពីអ្នកមានមុខមាត់ក្នុងសង្គម និង កំពូលតារាល្បីៗប្រមាណជាជិត ១០០ តុ។
យ៉ាងណាមិញ ស្របគ្នានឹងការអញ្ជើញចូលរួមពីសំណាក់សិល្បករ សិល្បការិនីជាច្រើននោះ ក៏ហាក់បាត់វត្តមានរបស់សិល្បករ សិល្បការិនីមួយចំនួនដែរ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានទៅសួរ Idol របស់ពួកគេថា «ហេតុអ្វីមិនឃើញទៅចូលរួមមង្គលការ សុភ័ក្ត្រ កុសុម៉ា?»។
ជាក់ស្តែង សំណួរខាងលើក៏ត្រូវបានសាកសួរទៅកាន់អ្នកនាង វ៉ាង ស្រីណូ ដូចគ្នាដែរ ប៉ុន្តែអតីតតារាស្រីរូបនេះ បានឆ្លើយយ៉ាងក្បោះក្បាយធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។ ក្នុងនោះ អ្នកនាង វ៉ាង ស្រីណូ បានរៀបរាប់ថា៖ «គេអត់បានហៅផង មនុស្សមិនសូវស្និទ្ធស្នាលនឹងគ្នា ព្រោះមិននៅចង្កោមជាមិត្តភក្តិជិតដិត ឬលក្ខណៈឧស្សាហ៍ជួប ដើរហើរជាមួយគ្នា គ្រាន់តែជាអ្នកស្គាល់ ចឹងគេក៏មានសុជីវធម៌ដែរ ការគេ គេអត់ហៅយើង»។
អ្នកនាង វ៉ាង ស្រីណូ បន្តថា៖ «… អ្នកខ្លះអត់សូវស្គាល់ ប៉ុន្តែពេលរៀបការដើរប្រមូលទាំងអស់ ទាំងមនុស្សអត់សូវស្និទ្ធ ដូច្នេះអ្នកខ្លះ គេអាចគិតដែរ ហេតុតែចង់បានចំណងដៃមិនសូវស្និទ្ធក៏ហៅដែរ ប៉ុន្តែអ្នកខ្លះ គាត់មានសុជីវធម៌ អ្នកអត់ស្និទ្ធ គាត់មិនសូវហ៊ានហៅឡើយ។ ម្យ៉ាងវិញទៀតនាង និង កុសុម៉ា ៣ ឆ្នាំទើបជួបគ្នាបានម្តង ដូច្នេះគេមិនហៅ គឺត្រឹមត្រូវហើយ ព្រោះមិនសូវស្និទ្ធស្នាលគ្នា»៕