(វីដេអូ) អីយ៉ាស់! អ្នកនាង វណ្ណី ចំអន់ដាក់ សុធារិទ្ធ ថា «ទឹកភ្នែកកូនប្រសាប្រុស» ពេលដឹងឪពុក លីនណា កាច
កាលពីពេលថ្មីៗនេះ បេក្ខជន MasterChef Cambodia រដូវកាលទី ៣ ជាច្រើនរូប បានណាត់គ្នាញុំាអាហាររួមគ្នាយ៉ាងរីករាយក្នុងហាងអាហារជប៉ុនមួយកន្លែង ដែលមានបេក្ខភាព Top 2 លោក ចាន់រ៉ា ជាចុងភៅនៅទីនោះ។
ក្នុងនោះដែរ អាហាររួមតុដ៏រីករាយក្រៅចង្ក្រានបាយ MasterChef បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នឹងវីដេអូមួយដោយបង្ហោះឡើង ដោយ Top 10 អ្នកនាង ផល វណ្ណនី ដោយបានរៀបរាប់ពីលោក សំ សុធារិទ្ធ និង កញ្ញា ប៊ុន លីនណា។
ជាការពិត ក្នុងថ្ងៃប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានអញ្ចើញក្រុមគ្រួសាររបស់ Top 5 មកចូលរួម ហើយក្នុងនោះ ក្រុមគ្រួសាររបស់កញ្ញា ប៊ុន លីនណា ក៏មានវត្តមានដែរ ដោយលោកប៉ារបស់នាងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស កូនសិស្សនៅខេត្តកំពង់ឆ្នាំង។
ជាក់ស្តែង លោកប៉ា របស់កញ្ញា ប៊ុន លីនណា ជាគ្រូបង្រៀននៅវិទ្យាល័យមួយនាខេត្តកំពង់ឆ្នាំង ដោយមានសិស្សជាច្រើនបានលើកឡើងថា លោកគ្រូជាមនុស្សម៉ឺងម៉ាត់ និង កាចបន្តិច។ ចំណុចនេះហើយជាដើមទង ធ្វើឱ្យអ្នកនាង វណ្ណី បានលើកឡើងពីលោក សុធារិទ្ធ និង កញ្ញា លីនណា ព្រមទាំងអមសារចំអន់លេងថា៖ «ទឹកភ្នែកកូនប្រសាប្រុស» ពោលគឺផ្តោតទៅលើ លោក សុធារិទ្ធ ដែលអាចក្លាយជាកូនប្រសាប្រុសរបស់លោកគ្រូ ជាឪពុករបស់ លីនណា។
ម្យ៉ាងវិញទៀតនោះ មិនថាតែអ្នកនាង វណ្ណី នោះទេ ដែលចំអន់លេងដល់លោក សុធារិទ្ធ និង កញ្ញា លីនណា ពោលគឺមានបេក្ខជនផ្សេងទៀតក៏បានចំអន់លេងដែរ ដូចជាអ្នកនាង រស្មី បានបោះសម្តីទៅកាន់លោក សុធារិទ្ធ ថា៖ «ហ៊ានលូន ហ៊ានក្រាបដើម្បីអូនអត់?»៕