ប្តីប្រពន្ធខ្មែរមួយគូ ប្រកួតគុនខ្មែរឈ្នះមេដាយមាសលើសង្វៀនអន្តរជាតិ លើកមុខមាត់កម្ពុជាខ្លាំង
នេះជាលើកទី ១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកម្មវិធី Asian Kickboxing Championships 2024 ដោយមានកីឡាករជម្រើសជាតិជាង ៦០០ នាក់ មកពី ២២ ប្រទេសផ្សេងគ្នា ប្រកួតក្នុងសង្វៀន ជើងឯកឃីកបុកស៊ីង អាស៊ី រយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ០៦-១៣ ខែតុលា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ជាលទ្ធផលក្រោយការប្រកួត កម្ពុជាពិតជាមានមោទកភាពខ្លាំង ដោយកីឡាករកម្ពុជាយើងបានដណ្តើមមេដាយមាសដល់ទៅ ៩ គ្រឿង ផ្នែកបុរស ៥ និង ផ្នែកនារី ៤។ ក្នុងនោះ ប្តីប្រពន្ធមួយគូគឺ សុខ រិទ្ធ និង នៅ ស្រីពៅ ដែលគេស្គាល់ថាជាជើងខ្លាំងនៅក្នុងវិស័យប្រដាល់គុនខ្មែរ អ្នកទាំងពីរបានដាក់ចិត្ត ដាក់កាយទន្ទឹមគ្នា ឡើងប្រកួតវគ្គផ្តាច់ព្រ័ត្ររហូតដណ្តើមបានមេដាយមាសដូចបំណង។
ចំពោះ កីឡាករ សុខ រិទ្ធ បានក្លាយជាម្ចាស់មេដាយមាស បន្ទាប់ពីឈ្នះកីឡាករថៃ Phrommakhot Netipong នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសា LK-៥១ គីឡូក្រាម។ ចំណែក នៅ ស្រីពៅ រំភើបឡើងស្រក់ទឹកភ្នែក សម្រាប់មេដាយមាសជូនជាតិ បន្ទាប់ពីឈ្នះកីឡាការិនីឥណ្ឌា Neelakandan Neena នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា LC -៥៥ គីឡូក្រាម។
ក្រៅពីមេដាយមាស ៩ គ្រឿង កម្ពុជាក៏ទទួលបានមេដាយផ្សេងទៀតរួមមាន មេដាយប្រាក់ ៤ គ្រឿង និង មេដាយសំរឹទ្ធ ២៨ គ្រឿង។ សរុបទាំងអស់ ៤១ គ្រឿង។ ក្នុងព្រឹតិ្តការណ៍នេះ កីឡាករកម្ពុជាយើងបានចូលរួមច្រើនគួរសម ប្រមាណ ៦១ នាក់៕