មហាជនកូរ៉េផ្ទុះការវែកញែកថា Song Hye Kyo ពេលនេះ ហាក់បាក់សម្រស់ជាងមុន
កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ កំពូលតារាសម្ដែងស្រី Song Hye Kyo, Lee Do Hyun, Park Sung Hoon រួមនឹងតារាសម្ដែងជាច្រើនរូបទៀត បានមានវត្តមានចូលរួមសន្និសីទកាសែតមួយនាទីក្រុងសេអ៊ូល ដើម្បីផ្សព្វផ្សាយពីខ្សែភាពយន្តថ្មីរបស់ Netflix ដែលមានចំណងជើងថា «The Glory»។
ក្នុងការបង្ហាញវត្តមានចូលរួមពីសំណាក់តារាល្បីៗប៉ុន្មានរូបខាងលើនេះ មហាជនអ្នកគាំទ្រ នាំគ្នាទាក់ក្រសែភ្នែកខ្លាំងទៅលើរូបសម្រស់របស់តារាស្រី Song Hye Kyo ដោយភាគច្រើនពួកគេសរសើរលើការរៀបចំខ្លួនរបស់នាង គឺតែងតែខ្ញង់ហាយសូរបែបរមទមជានិច្ច។ យ៉ាងណាមិញ ក៏មានមហាជនមួយចំនួនទៀត បង្ហាញការចាប់អារម្មណ៍ និង លើកឡើងថា តារាស្រីរូបនេះ គឺចាប់ផ្ដើមបាក់សម្រស់ចាស់ទៅតាមវ័យ។
តាមរយៈការផ្ទុះមតិវែកញែកនោះដែរ មហាជនជាច្រើនបានចែករំលែកពីមតិរបស់ពួកគេរៀងៗខ្លួន ដោយខ្លះបញ្ចេញមតិថា ៖«នាងចាស់ណាស់ឥលូវ» «នាងចាស់ខ្លាំងណាស់» ខណៈមួយចំនួនទៀតក៏លើកមតិមកប្រឆាំងវិញដែរថា ៖«នាងអាយុលើស ៤០ ឆ្នាំហើយ ពិតណាស់ សម្រស់ចាប់ផ្ដើមប្រែប្រួលបែបនេះឯង នាងមិនមែនបិសាចជញ្ជក់ឈាមឯណា» «វាខុសមែនទេដែលនាងចាប់ផ្ដើមប្រែសម្រស់ហ្នឹង?» «នាងនៅតែមើលទៅក្មេងជាវ័យដដែល» «អ្នកទាំងអស់គ្នា រំពឹងឱ្យនាងមានសម្រស់អមតៈមែន?»៕
ប្រភព៖ AllKpop