អីយ៉ាស់! ស្ងាត់ៗតារាប្រុសសង្ហាមុខមានស្នេហ៍ តុប វិសាល បង្ហើបចេតនាចង់សម្តែងរឿងបែប BL
មហាជននិយមតាមដានខ្សែភាពយន្តខ្មែរ ច្បាស់ជាបានស្គាល់មកហើយតារាសម្តែងរូបសង្ហា សាច់ដុំកង់ៗ លោក តុប វិសាល ដែលជាតារាប្រុសមួយរូបឆក់បានប្រជាប្រិយភាពពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រនារីៗ។
គេចាំបានថា លោក តុប វិសាល បានបន្សាត់ខ្លួនចេញពីអាជីពសិល្បៈមួយរយៈពេលធំ ដោយលោកបានទៅបន្តការសិក្សានៅប្រទេសជប៉ុន ព្រមទាំងកាលពីអំឡុងឆ្នាំ ២០២១ លោកក៏បានទទួលសញ្ញាបត្រថ្នាក់ភាសាជប៉ុននៃសាកលវិទ្យាល័យ Okayama Shoka ក្រោយបានសិក្សានៅទីនោះអស់រយៈពេលជាងមួយឆ្នាំ ។
ក្រោយពីបញ្ចប់ការសិក្សាអាហាររូបករណ៍នៅឯប្រទេសជប៉ុន ផ្នែកសេដ្ឋកិច្ច កាលពីអំឡុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅ លោក តុប វិសាល បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ និង ចូលប្រឡូកពេញដៃពេញជើងក្នុងអាជីពសិល្បៈ ដោយជាមួយគ្នានោះលោក តុប វិសាល ក៏កាន់តែក្តោបតំណែងក្នុងខ្សែភាពយន្តជាច្រើនក្នុងឆ្នាំ ២០២៤ នេះ។
ថ្មីៗនេះដែរ ស្របពេលកំពុងមមាញឹកក្នុងការថតខ្សែភាពយន្តជាច្រើន ស្រាប់តែលោក តុប វិសាល បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសអ្នកនិយមទស្សនាភាពយន្តបែប BL មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះលោកបានបង្ហោះសារថា៖ «បើថតរឿងបែប BL បងប្អូនគិតម៉េចដែរ?»។
មិនបង្អង់យូរ ភ្លាមៗនោះអ្នកគាំទ្របានឆ្លើយតបយ៉ាងលឿនទៅកាន់លោក តុប វិសាល ដែលសុទ្ធសឹងតែជាពាក្យគាំទ្រ និង រង់ចាំឱ្យលោកបញ្ចេញទេពកោសល្យសម្តែងរឿងបែប BL ឆាប់ៗយ៉ាងផុសផុលទៀតផង៕