អស់តែថ្លៃគេងទេ! ភ្ជុំឆ្នាំនេះចង់ទៅលេងសៀមរាប មានឡានក្រុងរដ្ឋ ១៣៥ គ្រឿងជិះ ឥតអស់លុយមួយរៀល
នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការរៀបចំរថយន្តក្រុង ចំនួន ៦៥៣ គ្រឿង សម្រាប់ដឹកជញ្ជូនសាធារណៈជន រយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ «ជិះដោយមិនបង់ប្រាក់»។
តាមរយៈការរៀបចំបែបនេះ ធ្វើឡើងស្របតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-នយោជិត និង ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ក្នុងនោះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ខេត្តសៀមរាប ខាងរដ្ឋបាលរាជធានី បានបញ្ជាក់ពីទីតាំងធ្វើដំណើរឱ្យបានដឹងថា ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប មានរថយន្តក្រុងត្រៀមចំនួន ១៣៥ គ្រឿង ចេញពីគោលដៅដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ទៅដល់បុរីរដ្ឋបាលខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ ៦០ ម៉ែត្រ) ខណៈម៉ោងចេញដំណើរគឺចាប់ពីម៉ោង ៦៖៣០ នាទីព្រឹក ដល់ម៉ោង ១១៖ ៣០ នាទីព្រឹក៕
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម ៖