ទោះកាបូបនារី តែ Jaden Smith កាន់ឡូយខ្លាំង តម្លៃជាង ៣ ម៉ឺនដុល្លារ ចូលកម្មវិធីម៉ាក Louis Vuitton
មិនថាមានព័ត៌មាន និង ពាក្យចចាមអារ៉ាម ទាក់ទងនឹងរឿងបំពានផ្លូវភេទពីតារារ៉េបជើងចាស់ Diddy និង ឪពុករបស់ខ្លួនយ៉ាងណា Jaden Smith នៅតែសកម្មធម្មតានៅក្នុងពិភពសិល្បៈ។ ជាក់ស្តែង ថ្មីៗនេះនៅក្នុងព្រឹត្តិការណ៍ Paris Fashion Week តារារ៉េបវ័យក្មេងរូបនេះ បានបង្ហាញខ្លួននៅក្នុងការបង្ហាញខូឡិកហ្សិនថ្មីរបស់ម៉ាក Louis Vuitton ដោយតែងខ្លួនយ៉ាងទាក់ភ្នែកជាមួយសម្លៀកបំពាក់ពណ៌ខ្មៅ ជាពិសេស លេចធ្លោខ្លាំងនឹងកាបូបយួរដៃរាងបួនជ្រុង។
ជាការពិត កាលពីថ្ងៃទី ០១ ខែ តុលា នេះ Jaden Smith ត្រូវបានអញ្ជើញជាភ្ញៀវសំខាន់ និង អង្គុយជួរមុខចំណោមតារាល្បីៗនៅក្នុងកម្មវិធីបង្ហាញខូឡិកហ្សិនសម្លៀកបំពាក់នារីប្រចាំនិទាឃរដូវ Spring 2025 ready-to-wear របស់ម៉ាក Louis Vuitton។ ក្នុងការចូលរួម Jaden បានស្លៀកពាក់ក្នុងឈុតពណ៌ខ្មៅ អាវក្រៅស្បែក ខោជើងវែងរលុងហៀរដី ជាមួយស្បែកជើងរំលេចដែកដ៏ក្លាសិក។ ទន្ទឹមគ្នានេះ មានបំពាក់គ្រឿងលម្អខ្សែកដែក បន្តោងរូបស្បែកជើង ឯខ្សែដៃ និង ចិញ្ចៀនម៉ូដចម្រុះ រួមទាំងលេងម៉ូដខ្សែក្រវាត់ និង បន្តោងចង្កេះ ម៉ាក LV ផងដែរ។
បន្ថែមភាពលេចធ្លោ Jaden បានកាន់កាបូបម៉ាក Louis Vuitton រាងបួនជ្រុង ស៊េរី miniature version ជាកាបូប Triumphal Arch monogram trunk ដែលធ្វើឡើងក្នុងសណ្ឋានវិមានបារាំង។ កាបូបនេះបើតាមការដាក់លក់លើគេហទំព័រផ្លូវការ វាមានតម្លៃដល់ទៅ ៣៦០០០ ដុល្លារ។
ចំពោះទំនាក់ទំនងរវាង Jaden Smith និង ម៉ាក Louis Vuitton គឺបានចាប់ផ្តើមកាលពីឆ្នាំ ២០១៦ ដែលតារារូបនេះបានធ្វើជាម៉ូឌែលក្នុងយុទ្ធនាការថតផ្សព្វផ្សាយសំពត់នារី។ បន្ទាប់ពីនោះមក Jaden បានលេចមុខក្នុងកម្មវិធីជាច្រើនសម្រាប់ម៉ាកយីហោប្រណីតរបស់បារាំង។ សូម្បីតែកាលពីខែមីនាកន្លងទៅ Jaden ក៏បានចូលរួមក្នុងកម្មវិធីរបស់ Louis Vuitton ដែលជាការអបអរខូឡិកហ្សិនបុរសខ្នាតតូច ប្រចាំនិទាឃរដូវឆ្នាំ ២០២៤ ដែលបង្កើតឡើងអ្នកច្នៃម៉ូដ និង ជាតារារ៉េប Tyler ផងដែរ៕