សណ្ឋាគារមួយនៅជប៉ុនធូរថ្លៃខ្លាំងមួយយប់ត្រឹមជាង ៧ ដុល្លារ តែពេលឃើញសភាពបន្ទប់ព្រឺខ្លួនខ្ញាក លែងហ៊ានស្នាក់នៅ
សណ្ឋាគារមួយឈ្មោះ Sanwa Hotel នៅក្នុងទីក្រុង Kobe ប្រទេសជប៉ុន បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ដោយសារតែបន្ទប់ស្នាក់នៅមានតម្លៃថោកខ្លាំងនឹកស្មានមិនដល់ ពោលគឺត្រឹមតែ ១១០០ យេន (ប្រមាណជាង ៧ ដុល្លារ) ប៉ុណ្ណោះក្នុងមួយយប់។
ដោយចាប់អារម្មណ៍ខ្លាំង ក៏មានបុរសម្នាក់ដែលអះអាងថាជាអ្នក review សណ្ឋាគារនានានៅជុំវិញពិភពលោក បានចេញមកទម្លាយបទពិសោធរបស់លោកក្នុងការស្នាក់នៅសណ្ឋាគារនោះ ក្រោយឃើញការផ្សព្វផ្សាយពីតម្លៃដ៏ធូរថ្លៃបំផុតនេះ។ ដំបូងឡើយលោកគិតថាខ្លួនឯងសំណាងដែលជួលសណ្ឋាគារបានតម្លៃថោកខ្លាំងបែបនេះ ប៉ុន្តែក្ដីរំពឹងរបស់លោកប្រែទៅជាបទពិសោធគួរឱ្យខ្លាចព្រឺរោមក្រោយពីបានធ្វើដំណើរទៅដល់ទីតាំង។
តាមការរៀបរាប់ បុរសខាងលើបាននិយាយថា ពេលដើរចូលទៅដល់ភ្លាមវាប្រៀបដូចជាក្នុងរឿងបែបរន្ធត់អ៊ីចឹង សណ្ឋាគារមានសភាពចាស់ខ្លាំង គ្រប់កន្លែងប្រៀបដូចជាអគារគេបោះបង់ចោល។ បើនិយាយពីបន្ទប់វិញ ទ្វារគឺមិនមានសោចាក់ដូចបន្ទប់សណ្ឋាគារទូទៅទេ គឺគេប្រើខ្សែជ័រយកមកចង ហើយបើចង់ចូលគឺត្រូវយកកន្ត្រៃមកកាត់។ ស្ថានភាពក្នុងបន្ទប់ពេលបើកចូលទៅគឺនិយាយលែងចេញតែម្ដង បន្ទប់មានសភាពតូចចង្អៀតជញ្ជាំងចាស់ខ្លាំងរហូតប្រែទៅជាពណ៌លឿងប្រឡាក់មិនសមជាបន្ទប់មានមនុស្សស្នាក់នៅ។ បើបន្ទប់ទឹកវិញគឺគួរឱ្យខ្លាចជាងគេបំផុត គគ្រិចក៏គគ្រិចរីឯក្លិនឆ្អេះភាយចេញមកក្រៅតែម្ដង។
យ៉ាងណាមិញ ទោះជាស្ថានភាពតាមការរៀបរាប់គ្រប់គ្នាប្រាកដជាគ្មានថ្ងៃចូលស្នាក់នៅនោះ បុរសខាងលើគឺនៅតែប្រមូលភាពក្លាហានស្នាក់នៅទីនោះមួយយប់ និង ថែមទាំងបញ្ជាក់ទៀតថាការស្នាក់នៅរបស់លោកមិនមានជួបប្រទះរឿងរន្ធត់លងបន្លាចអ្វីនោះទេ។
តាមការ review អនឡាញលើ Google សណ្ឋាគារ Sanwa Hotel គឺត្រូវបានគេចាត់ទុកជា «សណ្ឋាគារដ៏អាក្រក់បំផុតក្នុងប្រទេសជប៉ុន» តែយ៉ាងណាសណ្ឋាគារមួយនេះក៏នៅតែមានមនុស្សរស់នៅក្នុងរយៈពេលយូរផងដែរ៕