ឱនរកទូរស័ព្ទធ្លាក់ចូលក្រហែងថ្ម ស៊យអីធ្លាក់ទាំងខ្លួនដាំក្បាលជាប់ឆ្កឹង ទម្រាំគេជួយបានរាប់ម៉ោង
សមាគមរថយន្តសង្គ្រោះប្រចាំរដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានបញ្ជាក់កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ ថា នារីម្នាក់ឈ្មោះ Matilda Campbell អាយុ ២៣ ឆ្នាំ បានធ្លាក់ទូរស័ព្ទចូលក្នុងក្រហែងថ្មមួយខណៈកំពុងថតរូបលេងអំឡុងពេលដើរកម្សាន្តឡើងភ្នំជាមួយមិត្តភក្តិនៅតំបន់ Hunter កាលពីដើមខែនេះ។ យ៉ាងណាមិញ ខណៈព្យាយាមរកទូរស័ព្ទនោះ នាង Campbell ក៏បានរអិលធ្លាក់ចូលប្រលោះក្រហែងថ្មក្នុងជម្រៅ ៣ ម៉ែត្រដែលបណ្ដាលឱ្យនាងជាប់គាំងដាំក្បាលចុះក្រោមមិនអាចរើខ្លួនទៅណារួច។
មិត្តភក្តិរបស់នាងបាននាំគ្នាព្យាយាមទាញនាងឡើងមកលើវិញជាច្រើនលើករយៈពេលជាង ១ ម៉ោង ប៉ុន្តែនៅតែបរាជ័យមិនអាចសង្គ្រោះនាងបានឡើយ។ ដោយទីតាំងនោះគ្មានសេវាមិនអាចទាក់ទងទូរស័ព្ទរកក្រុមសង្គ្រោះបាន ពួកគេក៏សម្រេចចិត្តឱ្យនរណាម្នាក់ដើរចុះភ្នំដើម្បីរកមនុស្សមកសង្គ្រោះ។
ក្រោយទទួលបានដំណឹង ខាងក្រុមរថយន្តសង្គ្រោះប្រចាំរដ្ឋ New South Wales សហការជាមួយសមាគមស្ម័គ្រចិត្តសង្គ្រោះ Cessnock និង ភ្នាក់ងារពន្លត់អគ្គិភ័យ ក៏បានចុះទៅកាន់ទីតាំងដើម្បីប្រតិបត្តិការសង្គ្រោះនារីខាងលើ។ ក្នុងប្រតិបត្តិការ ខាងក្រុមសង្គ្រោះត្រូវការយកថ្មមួយចំនួនចេញដើម្បីអាចឈោងទៅដល់កន្លែងដែលនាង Campbell ជាប់គាំងនោះ។ ពេលទៅដល់ទីតាំងជើងជនរងគ្រោះហើយ ក្រុមសង្គ្រោះក៏ជួបបញ្ហាប្រឈមមួយទៀតដោយសារតែជនរងគ្រោះជាប់គាំងក្នុងចន្លោះដែលមានរាងអក្សរ S ដូចនេះពួកគេត្រូវប្រើប្រាស់ម៉ាស៊ីនទាញដ៏ពិសេសដើម្បីលើកទាញដុំថ្មទម្ងន់ពី ៨០ ទៅ ៥០០ គីឡូចេញ។
ជាលទ្ធផលក្រោយការសង្គ្រោះរយៈពេលជាង ៧ ម៉ោង នាង Campbell ក៏បានសង្គ្រោះចេញដោយជោគជ័យ ដោយរូបនាងបានរងរបួសស្រាលប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទូរស័ព្ទនាងវិញគឺនៅតែមិនអាចរកឃើញដដែល៕