ភស្តុតាងក្នុងបន្ទប់សណ្ឋាគារ Liam Payne បង្ហាញថា លោកហាក់គ្មានស្មារតីនឹងន មុនពេលធ្លាក់ចុះពីសណ្ឋាគារ
នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) មហាជនជាច្រើនមានការតក់ស្លុតជាខ្លាំងក្រោយដឹងដំណឹងថា តារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាពទៅហើយទាំងវ័យត្រឹម ៣១ ឆ្នាំ ដោយសារធ្លាក់ចុះពីយ៉ជាន់ទី ៣ នៃសណ្ឋាគារ CasaSur Palermo នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
ក្រោយព័ត៌មានដ៏ក្រៀមក្រំនេះប្រកាសមិនបានប៉ុន្មាន កន្លងរូបភាពមួយចំនួននៃទិដ្ឋភាពក្នុងបន្ទប់សណ្ឋាគារដែល Liam Payne ស្នាក់នៅត្រូវបានទម្លាយ ដែលធ្វើឱ្យមហាជនជាច្រើនសង្ស័យថាតារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះអាចស្ថិតក្នុងស្ថានភាពមិននឹងននោះទេមុនពេលដែលលោកជួបអកុសលរហូតបាត់បង់ជីវិតបែបនេះ។
ជាក់ស្ដែងតាមរូបភាពដែលបានទម្លាយ ក្នុងបន្ទប់ដែល Liam Payne ស្នាក់នៅមុនស្លាប់គឺរញ៉េរញ៉ៃមែនទែន របស់របររ៉ាយប៉ាយទូរទស្សន៍ដូចត្រូវគេវាយបែកអេក្រង់ ហើយបើនៅលើតុក្នុងបន្ទប់វិញមានវត្ថុគួរឱ្យសង្ស័យជាច្រើនរួមមានសាប៊ូដុំម៉ាក Dove មួយដុំ ឈើគូស ទៀន ក្រដាសអាលុយមីញ៉ូម និង ម្សៅពណ៌សសង្ស័យថាជាម្សៅកូកាអ៊ីន។ ក្រៅពីនេះ ក៏រកឃើញមានដែកកែស និង កំប៉ុងសូឡាដុតឆេះមួយផងដែរ ងាកទៅបន្ទប់ទឹកវិញ ក្នុងអាងងូតទឹកក៏រកឃើញមានកម្ទេចទៀន និង ក្រដាសអាលុយមីញ៉ូមដូចគ្នា។
គួរឱ្យដឹងថា មុនកើតហេតុប៉ូលិសក្នុងតំបន់ទទួលបានទូរស័ព្ទពី ៩១១ រាយការណ៍ប្រាប់ពីបុរសក្នុងស្ថានភាពមិននឹងនម្នាក់ដែលអាចកំពុងស្រវឹង និង បែកថ្នាំ។ ជាមួយគ្នានោះដែរ ខាងសណ្ឋាគារក៏បាននិយាយដែរថាមុនស្លាប់ Liam Payne ធ្វើសកម្មភាពប្លែកៗនៅ lobby ក្នុងសណ្ឋាគារ លោកវាយកម្ទេច laptop ខ្លួនឯង និង ត្រូវបានខាងបុគ្គលិកជួយគ្រាចូលបន្ទប់លោកវិញ។
ដោយឡែកនៅកន្លែងកើតហេតុវិញ ខាងប៉ូលិស និង បុគ្គលិកពេទ្យបានបញ្ជាក់ថា Liam Payne បានស្លាប់ក្រោយធ្លាក់ពីជាន់ទី ៣ នៃបន្ទប់សណ្ឋាគារ។ លោកត្រូវបានក្រុមគ្រូពេទ្យប្រកាសថាស្លាប់នៅម៉ោងប្រមាណ ៥ និង ១១ នាទីយប់ (ពេលវេលាក្នុងតំបន់)។ បើតាមប្រធានក្រុមពេទ្យសង្គ្រោះបន្ទាន់បានលើកឡើងដែរថា របួសរបស់ Liam Payne គឺធ្ងន់ធ្ងរខ្លាំងរហូតគ្មានផ្លូវថានឹងអាចសង្គ្រោះបាននោះឡើយ៕
ប្រភព៖ Kenh14