ត្អូញប្រាប់ម្ដាយចេះតែឮសំឡេងចម្លែក ម្ដាយគិតថាកូនមើលរឿងខ្មោចច្រើន ដល់យកទៅពេទ្យឆ្លុះឃើញចៃឆ្កែកាច់សម្បុកពេញរន្ធត្រចៀក
មានរឿងរ៉ាវមិននឹកស្មានមួយបានកើតឡើងលើក្មេងប្រុសវ័យ ៨ ឆ្នាំ ជនជាតិតៃវ៉ាន់ម្នាក់ ដែលចេះតែឮសំឡេងចម្លែកនៅក្នុងត្រចៀក ដល់ពេលម្តាយនាំទៅពេទ្យពិនិត្យ ស្រាប់តែឃើញចៃឆ្កែកំពុងកាច់សម្បុកនៅក្នុងនោះ។
តាមព័ត៌មានបានឱ្យដឹងថា ក្រោយពីកូនប្រុសចេះតែត្អូញថាឮសំឡេងចម្លែកក្នុងត្រចៀក ម្តាយក៏គិតថាមានទឹកចូល ហើយក៏បានធ្វើការសម្អាតឱ្យដោយប្រើសំឡី តែអាការរបស់កូននៅតែមិនបានធូរស្បើយសោះ។ ជាមួយគ្នានោះ ម្តាយក៏បានគិតថាកូនប្រុសមើលរឿងខ្មោចច្រើនពេក ទាល់តែឮសំឡេងប្លែកៗ ប៉ុន្តែក្រោយពីនោះមួយសប្តាហ៍គេក៏ចាប់ផ្តើមដេកមិនលក់ និង ឡើងកម្តៅជារឿយៗ ទើបម្តាយបានដាច់ចិត្តនាំកូនទៅមន្ទីរពេទ្យ។
យ៉ាងណាមិញ អ្វីដែលគ្រូពេទ្យពិនិត្យឃើញពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ គឺគេបានឃើញមានចៃឆ្កែកំពុងតែបឺតជញ្ជក់ឈាមនៅក្នុងត្រចៀករបស់ក្មេងប្រុសនោះ ហើយវាកំពុងតែកាច់សម្បុកពងយ៉ាងច្រើនទៀត ដែលបណ្តាលឱ្យត្រចៀកមានការរលាក និង ឈឺចាប់ តែជាសំណាងល្អគ្រូពេទ្យបានឱ្យដឹងថា មិនទាន់មានការឆ្លងមេរោគនៅឡើយ ហើយក៏បានសម្អាត និង ព្យាបាលបានទាន់ពេលវេលា។ ដោយឡែក ក្រោយពីគ្រូពេទ្យសាកសួរទៅ ទើបដឹងថាក្មេងប្រុសរូបនេះចូលចិត្តដេកលេងជាមួយនឹងឆ្មារបស់បងប្អូន ទើបចៃរបស់វាអាចតោងមកលើខ្លួន និង ទៅសំងំកាច់សំបុកក្នុងត្រចៀកបានយ៉ាងដូច្នេះ៕
ប្រភព៖ Sanook