មិនលាក់លៀម! ស្រីស្អាត អ៊ីងអ៊ីង និង ពឹង ពុទ្ធិស័ក្ត កាន់តែបង្ហាញចំណងស្នេហ៍ផ្អែមល្ហែមទាំងក្នុង និង ក្រៅសាច់រឿង
និយាយដល់ទំនាក់ទំនងរវាងតារាសម្ដែងប្រុសរូបសង្ហា ពឹង ពុទ្ធិស័ក្ត និង តារាសម្ដែងស្រី អ៊ីង អ៊ីង ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចាប់តាំងពីតារាប្រុសស្រីមួយគូនេះ សម្ដែងប៉ះគ្នាក្នុងខ្សែភាពយន្តភាគខ្មែរមួយ និង រួមការងារផ្សេងៗជាមួយគ្នាបន្តបន្ទាប់កាលពីចុងឆ្នាំ ២០២៣ កន្លងទៅ។
ក្រោយពីរួមការងារជាមួយគ្នាមួយរយៈកន្លងមក មហាជនក៏តែងចាប់អារម្មណ៍ឃើញថាលោក ពឹង ពុទ្ធិស័ក្ត និង កញ្ញា អ៊ីង អ៊ីង ហាក់មានទំនាក់ទំនងជិតដិតខុសពីមិត្តរួមការងារធម្មតា ដោយអ្នកទាំងពីរតែងបង្ហាញពីសកម្មភាពផ្អែមល្ហែមនឹងគ្នាក្រៅពីការងារ និង ហាក់ស្និទ្ធស្នាលគ្នាខ្លាំង ធ្វើឱ្យមហាជនជាច្រើន សង្ស័យថាអ្នកទាំងពីរអាចមានស្នេហានឹងគ្នា។
លើសពីនេះ ស្របពេលផ្ទុះការចាប់អារម្មណ៍សង្ស័យខ្លាំងចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ កន្លងមក តារាប្រុសស្រីមួយគូនេះ ក៏ហាក់កាន់តែបង្ហាញច្បាស់ៗឱ្យដឹងថាអ្នកទាំងពីរពិតជាកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាមែន តាមរយៈរូបភាព និង អត្ថន័យសារផ្សេងៗ។
ជាក់ស្ដែង ថ្មីៗនេះ ស្រីស្អាត អ៊ីង អ៊ីង និង ពឹង ពុទ្ធិស័ក្ត ក៏កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង រំភើបជំនួស ខណៈបានឃើញខាងស្រី អ៊ីង អ៊ីង បង្ហោះរូបភាពជាគូនឹងតារាប្រុសរូបនេះ ក្នុងឈុតសម្លៀកបំពាក់បុរាណកំពុងថតរឿងជាមួយគ្នា ប៉ុន្តែក៏ឆ្លៀតបង្ហាញភាពផ្អែមល្ហែមក្រៅឆាកទៀតផង។ ក្នុងនោះ អ៊ីង អ៊ីង បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ស្នេហាពិត មិនមែនមានតែក្នុងភាពយន្តនោះទេ មែនអត់ព្រះអង្គម្ចាស់ ? Peong Puthisak II»៕