តារាចម្រៀងវ័យក្មេង ចាន់ សុបញ្ញា ស៊ូទ្រាំទៀតលែងចង់បាន ត្អូញត្អែរនឹកម្ដាយខ្លាំង ចង់ត្រឡប់ទៅផ្ទះវិញ
និយាយពីតារាចម្រៀងវ័យក្មេង ចាន់ សុបញ្ញា ដែលប្រសូតចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X-Factor Cambodia ដោយបានជាប់ជាម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធីនេះកាលពីឆ្នាំ ២០១៩ កន្លងទៅ។
គិតមកដល់ពេលនេះ រយៈពេលជាង ៥ ឆ្នាំមកហើយ ដែល ចាន់ សុបញ្ញា បានចាប់ប្រឡូកក្នុងវិស័យសិល្បៈចម្រៀង ដ្បិតតែលោកនៅវ័យក្មេងពិតមែន តែ ចាន់ សុបញ្ញា មានទឹកដមសំឡេងធ្ងន់ពីរោះ ព្រមទាំងអាចច្រៀងបទចម្រៀងបានច្រើនទម្រង់ ដែលបច្ចុប្បន្ន បញ្ញា ក៏អាចចាត់ទុកជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស និង ឆក់បានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនអ្នកគាំទ្រជាច្រើន។
លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាចម្រៀងវ័យក្មេង ចាន់ សុបញ្ញា កាន់តែចាប់អារម្មណ៍លើរូបលោក ខណៈស្ងប់ស្ងាត់ចេញបទចម្រៀងមួយរយៈ ស្រាប់តែកាលថ្មីៗកន្លងទៅ សុបញ្ញា ស្រាប់តែបញ្ចេញបទចម្រៀងថ្មី ស្នាដៃថ្មីប្លែកមួយបទ ដែលជាប្រភេទបទចម្រៀងបែបរ៉េបម្ដង។
ដោយឡែក ស្របពេលកំពុងស្រង់យកប្រជាប្រិយភាពជាថ្មីនេះដែរ ថ្មីៗនេះ ចាន់ សុបញ្ញា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញលោកបង្ហោះសារមួយ និយាយត្អូញត្អែរពីជីវិត ហាក់តស៊ូទ្រាំលែងបាន ដែលលោកបង្ហាញក្ដីនឹករឭកខ្លាំងចំពោះម្ដាយឪពុក ក្រោយឃ្លាតឆ្ងាយពីផ្ទះរហូត ៣ ឆ្នាំមកហើយ។
ក្នុងនោះ តារាចម្រៀងវ័យក្មេង ចាន់ សុបញ្ញា បានសរសេររៀបរាប់ថា ៖ «កូនចង់ទៅផ្ទះយើងវិញណាស់ កូនស៊ូលែងចង់បានទៀតហើយ ចេញពីផ្ទះ រយៈពេល 3 ឆ្នាំ មានតែពាក្យស៊ូទ្រាំ Out of the house 3 year នឹកផ្ទះ នឹកម្ហូប នឹកម៉ែនឹកពុក»៕