(វីដេអូ) មិនអស់ចិត្ត! ដេត ស្រីនាឌ ធ្វើសន្និសីទកាសែត បញ្ជាក់ម្ដងហើយម្ដងទៀតពីក្រោយការដកខ្លួនចេញពីការប្រកួតយ៉ាងតក់ក្រហល់
មកទល់ពេលនេះ ជុំវិញរឿងរ៉ាវដែលបវរកញ្ញា ដេត ស្រីនាឌ ប្រកាសពហិកាមិនចូលរួមប្រកួត MPI 2024 បន្ត នៅតែមិនទាន់ស្ងប់ស្ងាត់ឡើយ ដោយឃើញថាលើបណ្ដាញសង្គមក៏នៅមានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបន្តបញ្ចេញមតិវែកញែកខ្លាំងលើបវរកញ្ញារូបនេះ ដ្បិតតែនាងបានចេញវីដេអូបកស្រាយរួមម្ដងហើយមែន។
បន្ទាប់ពីឃើញចេញវីដេអូនិយាយបកស្រាយរំលងប៉ុន្មានថ្ងៃនោះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាបានចាប់អារម្មណ៍វែកញែកជាថ្មី ខណៈបានស្ដាប់នូវកិច្ចសម្ភាសរបស់ ដេត ស្រីនាឌ ក្នុងកម្មវិធី «សខ្មៅ» ដែលនាងបាននិយាយរៀបរាប់នូវរឿងរ៉ាវជាច្រើនទាក់ទងនឹងការប្រកួតកម្មវិធី MPI 2024 និង បកស្រាយហេតុផលនៃបញ្ហាផ្សេងៗដែលធ្វើឱ្យនាងសម្រេចពហិកាមិនបន្តការប្រកួតទៀត។
ក្នុងនោះ តាមរយៈការរៀបរាប់របស់ ដេត ស្រីនាឌ ក្នុងវីដេអូកិច្ចសម្ភាសនេះ ដែលនាងបានទម្លាយនូវបញ្ហាប៉ុន្មានចំណុចធំៗរបស់កម្មវិធីធ្វើឱ្យនាងមិនពេញចិត្ត និង អន់ចិត្តខ្លាំងជាមួយកម្មវិធីប្រកួត ៖
– រឿងរ៉ាវនៅអំឡុងពេលធ្វើកម្មវិធីនៅឯខេត្តសៀមរាប នាងទទួលបានការមិនឱ្យតម្លៃខ្លាំងពីខាងកម្មវិធី ខណៈពេលត្រូវថតឈុតតំណាងជាតិនៅប្រាសាទអង្គរវត្ត នាងត្រូវបានស្ដីបន្ទោសខ្លាំងពីកម្មវិធីដោយគិតថានាងជាម្ចាស់ផ្ទះទៅយឺត ប៉ុន្តែពេលនោះនាងធ្វើតាមតែអ្នកចំកម្មវិធី និង ក៏មានហេតុផលពេលធ្វើដំណើរទៅយឺតបន្តិច ព្រោះមានបងប្អូនខ្មែរស្រឡាញ់ចូលចិត្តឈុតតំណាងជាតិខ្មែរ និង បានសុំនាងថតរូបផងដែរ។
– ពាក្យសម្ដីបន្ទោសពីខាងកម្មវិធីធ្វើឱ្យនាងអន់ចិត្តខ្លាំង គឺត្រង់ចំណុចកម្មវិធីចង្អុលមុខនាង ហើយបង្រៀនឱ្យនាងនិយាយថា «អ្នកឯងគួរតែនិយាយថាទេពេលដែលគេសុំថតរូប» ដែលធ្វើឱ្យនាងគិតថាហេតុអីក្នុងនាមជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ឈរលើទឹកដីរបស់នាង គឺនាងមិនអាចនិយាយបែបនេះដាក់ប្រជាជនរបស់នាងបានទេ។
– កម្មវិធីមិនមានតម្លាភាពសម្រាប់នាង ដោយសារតែរាល់ដំណើរប្រកួតផ្សេងៗ នាងហាក់រងសម្ពោធខ្លាំងទាំងដែលនាងជាម្ចាស់ផ្ទះ ប៉ុន្តែមិនសូវទទួលការឱ្យតម្លៃ តែងទទួលបានពាក្យសម្ដីបន្ទោសដូចសត្វមុខគេមុខឯង ធ្វើអ្វីក៏ខុស ហើយបែរជាបវរកញ្ញាផ្សេងទោះគេមិនធ្វើអ្វីសោះក៏នៅតែត្រូវ មិនដែលមានការស្ដីបន្ទោស មានតែកម្មវិធីឱកក្រសោបលួងលោមគេថែមទៀត។
– លើសពីនេះ អ្វីដែលជាហេតុផលធំបំផុតរបស់នាងក្នុងការសម្រេចចិត្តដកខ្លួន គឺត្រង់ចំណុចដែលនាងឃើញថាកម្មវិធីបានរៀបចំទុកមុន ដូចជារឿងដែលកម្មវិធីមាន Winner រហូតដល់ទៅ ២ នាក់ ដែលនាងទទួលយកមិនបាន ព្រោះពុំដែលឃើញកម្មវិធីណាដែលមានម្ចាស់មកុដ ២ បែបនេះទេ ដែលធ្វើឱ្យនាងគិតថាប្រកួតដើម្បីអ្វីទៀត ឬគ្រាន់តែជាការប្រកួតដើម្បីអមឆាកដាក់ឱ្យល្អមើលប៉ុណ្ណោះ ព្រោះនាងបានឃើញទិដ្ឋភាពនៃពីក្រោយកម្មវិធីមុនអស់ហើយ។
ដោយឡែក មកដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ជុំវិញការបកស្រាយបំភ្លឺទាក់ទងនឹងរឿងរ៉ាវប្រកួតនេះដែរ ឃើញថា ដេត ស្រីនាឌ នៅតែមិនទាន់អស់ចិត្ត ខណៈបានឃើញនាងធ្វើសន្និសីទសារព័ត៌មាននិយាយបកស្រាយបន្ថែម និង បញ្ជាក់ដដែលៗពីបញ្ហានៅពីក្រោយនៃការប្រកួត។
ក្នុងនោះ ដេត ស្រីនាឌ ក៏បានបញ្ជាក់ច្បាស់ៗម្ដងហើយម្ដងទៀត ត្រង់ចំណុចធ្វើការពហិកាមិនប្រកួតបន្ត គឺពុំមែនដោយសារតែនាងឈឺឡើយ តែព្រោះមានមូលហេតុពីក្រោយជាច្រើនដូចដែលបានបកស្រាយកន្លងមក ដែលនាងបានជួបក្នុងអំឡុងពេលប្រកួតពីម្ចាស់កម្មវិធី ដោយសង្កត់ធ្ងន់ទៅលើការមិនឱ្យតម្លៃ និង មើលងាយនាងខ្លាំងក្នុងនាមជាបវរកញ្ញាខ្មែរ៕