![មួយប៉ប្រិចភ្នែកសោះ ៥ ថ្ងៃហើយដែលលោកតា គង់ ណៃ បានលាគ្រួសារ-អ្នកគាំទ្រទៅបរលោក ហើយស្អែកនេះគឺជាពិធីបុណ្យ ៧ ថ្ងៃ](https://www.popular.com.kh/wp-content/uploads/2024/07/Ran.jpg)
មួយប៉ប្រិចភ្នែកសោះ ៥ ថ្ងៃហើយដែលលោកតា គង់ ណៃ បានលាគ្រួសារ-អ្នកគាំទ្រទៅបរលោក ហើយស្អែកនេះគឺជាពិធីបុណ្យ ៧ ថ្ងៃ
ដំណឹងមរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហា គង់ ណៃ វីរសិល្បករចាប៉ីដងវែង កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ បានធ្វើឱ្យប្រជាជនកម្ពុជាមានក្តីសោកសៅជាពន់ពេក និង បាននាំគ្នាចូលរួមរំលែកទុក្ខព្រោងព្រាតដល់ក្រុមគ្រួសារលោកតា គង់ ណៃ ផងដែរ។
ជាការពិត ពិធីបុណ្យសព ព្រឹទ្ធាចារ្យ កោសល្យវោហា គង់ ណៃ បានរៀបចំឡើងនៅឯនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាច្រើនក្រសួង និង ស្ថាប័នផងដែរ។ ម្យ៉ាងវិញទៀត ពិធីដង្ហែ និង បញ្ចុះក៏បានរៀបចំរួចហើយកាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងមកនេះ។
យ៉ាងណាមិញ ក្រោយពិធីដង្ហែ និង បញ្ចុះសព ព្រឹទ្ធាចារ្យ កោសល្យវោហា គង់ ណៃ រួចរាល់ហើយនោះ លោក គង់ បុរាណ កូនប្រុសទី ៩ របស់លោកតា គង់ ណៃ បានបង្ហោះសារជម្រាបដំណឹងពីពិធីបុណ្យ ៧ ថ្ងៃរបស់លោកឪពុក ដែលនឹងរៀបចំនៅថ្ងៃទី ០៣ និង ទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក គង់ បុរាណ សិល្បករចាប៉ីដងវែង និង ជាកូនប្រុសលោកតា គង់ ណៃ បានរៀបរាប់ថា ៖ «ពិធីបុណ្យសពពុកខ្ញុំបាទ បានបញ្ចប់ និង បញ្ចុះសពរួចរាល់សព្វគ្រប់អស់ហើយ គឺនៅព្រឹកថ្ងៃចន្ទទី ១ ខែកក្កដា ឆ្នាំ ២០២៤។ ហើយក្រុមគ្រួសារខ្ញុំ នឹងរៀបចំពិធីបុណ្យ ៧ ថ្ងៃ គឺនៅថ្ងៃពុធ ទី ៣ សូត្រមន្ត និង កិច្ចបង្ហើយបុណ្យព្រឹកថ្ងៃព្រហស្ប៍ទី ៤ ខែកក្កដា ឆ្នាំ ២០២៤។ អាស្រ័យដូច្នេះខ្ញុំបាទសូមតំណាងឲ្យក្រុមគ្រួសារសូមគោរពអញ្ជើញដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី យាយតា អ៊ំពូមីងបងប្អូនកូនក្មួយទាំងអស់ អញ្ជើញចូលរួមកុំបីអាក់ខានឡើយ។ សូមអរគុណ និង អរព្រះគុណ»៕