នៅកុងហ្គោ អ្នកទោស ១២៩ នាក់បានបាត់បង់ជីវិតរដូករណែល ក្រោយលួចហែកគុកតែបរាជ័យ
កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបញ្ជាក់ឱ្យដឹងថា អ្នកទោសក្នុងពន្ធនាគារ Makala នាក្រុង Kinshasa បានព្យាយាមហែកគុករត់គេចខ្លួន ប៉ុន្តែត្រូវបរាជ័យដោយសារតែប៉ូលិសបានឃើញក៏ធ្វើការបាញ់ស្ទាក់រហូតបង្កជាចលាចលពេញក្នុងគុក។
តាមរបាយការណ៍បឋមពីខាងក្រសួងមហាផ្ទៃបានឱ្យដឹងថា អ្នកទោសចំនួន ២៤ នាក់ត្រូវបានប៉ូលិសបាញ់ស្លាប់ ខណៈ ១០៥ នាក់ផ្សេងទៀតបានស្លាប់ដោយការរត់ជាន់គ្នា។ ក្រៅពីនេះ អ្នកទោស ៥៩ នាក់ទៀតបានរងរបួសដោយបញ្ជូនយកទៅព្យាបាលផងដែរ។
តាមសារព័ត៌មាន AP អ្នករស់នៅក្នុងតំបន់ក្បែរពន្ធនាគារបានរៀបរាប់ហេតុការណ៍ថា ពួកគេបានឮស្នូរកាំភ្លើងចេញពីក្នុងគុក ហើយរូបភាពបង្ហោះតាមបណ្ដាញសង្គមខ្លះបានបង្ហាញឱ្យឃើញសាកសពអ្នកទោសជាច្រើនពេញដីនៅក្នុងគុក ខណៈអ្នកទោសខ្លះឃើញសែងសពអ្នកដែលស្លាប់ដាក់លើយានយន្ត។ មន្ត្រីក្នុងគុកបានបញ្ជាក់បន្ថែមដែរថា ក្នុងហេតុការណ៍នោះគ្មានអ្នកទោសណារត់គេចខ្លួនរួចនោះឡើយ ដោយអ្នកដែលព្យាយាមគេចចេញត្រូវបានប៉ូលិសបាញ់សម្លាប់។
គួរបញ្ជាក់ថា អាជ្ញាធរបានធ្វើការបិទផ្លូវឆ្ពោះទៅកាន់ពន្ធនាគារេយៈពេលប៉ុន្មានម៉ោងក្រោយហេតុការណ៍មួយនេះ។ ខាងថ្នាក់លើក៏បានដាក់ការស៊ើបអង្កេតភ្លាមៗផងដែរ ដើម្បីរកមូលហេតុបង្កឱ្យមានចលនាហែកគុករត់គេចនេះ៕
ប្រភព៖ VN Express