ព្យុះកំណាច Yagi វា-យប្រហា/រភាគខាងជើងប្រទេសវៀតណាម ឆ.ក់យកជី-/វិតមនុស្សអស់ ២៤ នាក់
ព្យុះទីហ្វុងកំណាច យាកជី (Yagi) បានបោកបក់ដល់ភាគខាងជើងប្រទេសវៀតណាម តាមតំបន់មួយចំនួនក្នុងក្រុងហាណូយ និង ខេត្ត Hao Binh បណ្ដាលឱ្យមនុស្សចំនួន ២៤ នាក់បានស្លាប់ និង ៣ នាក់ទៀតកំពុងបាត់ខ្លួន។
តាមស្ថិតិទទួលបានពីនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និង បង្ការគ្រោះមហន្តរាយធម្មជាតិកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅបានឱ្យដឹងថា ព្យុះសង្ឃរាដ៏ខ្លាំងក្លាមួយនេះបានសម្លាប់មនុស្សរហូតដល់ ២៤ នាក់ដោយភាគច្រើនបាត់បង់ជីវិតដោយគ្រោះរអិលបាក់ដី និង រលំដើមឈើ។ ចំណុចកណ្ដាលនៃសម្ពាធ ឬ ហៅថាភ្នែកព្យុះស្ថិតនៅខេត្ត Quang Ninh បានរងការខូចខាតខ្លាំងជាងគេ និង អ្នកស្លាប់មានចំនួន ៥ នាក់រួមមានមន្ត្រីយោធាតំបន់ ៣ ម្នាក់ និង មន្ត្រីប៉ូលិសពន្ធនាគារខេត្តម្នាក់ផងដែរ។ ចំពោះអ្នករងរបួសសរុបចំនួន ២២៩ នាក់ ក្នុងនោះនៅខេត្ត Quang Ninh មានចំនួន ១៥៧ នាក់។
ជាមួយគ្នានោះដែរក្នុងខេត្ត Lao Cai និង Hao Binh គឺរងគ្រោះដោយព្យុះដោយផ្ទាល់ជាមួយកម្លាំងខ្យល់ក្នុងកម្រិត ៨-៩ និង បន្តមានភ្លៀងធ្លាក់ជាប់រយៈពេល ២ ថ្ងៃនេះរហូតបណ្ដាលឱ្យមានការស្ទះលូលិចទឹក គ្រោះរអិលបាក់ដី និង សេវាទំនាក់ទំនងមានការចុះខ្សោយ។ ក្នុងនោះនៅក្រុងសាប៉ា មានអ្នកស្លាប់ ៦ នាក់ និង របួស ៩ នាក់ដោយសារតែការរអិលបាក់ដីក្នុងតំបន់ក្បែរជើងភ្នំ។ ចំណែកនៅក្រុងហាណូយវិញ មានអ្នកស្លាប់ ៤ នាក់ និង របួស ១៧ នាក់ដោយភាគច្រើនដោយសារតែដើមឈើរលំសង្កត់លើ។ តំបន់ផ្សេងៗទៀតដូចជាក្រុង Hai Phong មានអ្នកស្លាប់ ២ នាក់ ក្រុង Hai Duong, Yen Bai, Lang Son មានអ្នកស្លាប់ ៣ នាក់ ក្រុង Bac Giang មានអ្នកស្លាប់ម្នាក់ និង ក្រុង Tuyen Quang មានអ្នកបាត់ខ្លួនដោយទឹកជំនន់ ២ នាក់។
គួរបញ្ជាក់ថា ព្យុះសង្ឃរា យាកជី បានវាយប្រហារបំផ្លិចបំផ្លាគផ្ទះសម្បែងប្រមាណជា ៨ ០១០ ខ្នង លិចទូកអស់ ២៥ គ្រឿង រួមទាំងដាច់ប្រព័ន្ធទូរគមនាគមន៍លក្ខណៈទ្រង់ទ្រាយធំផងដែរ។ បច្ចុប្បន្ន ខេត្តជាច្រើននៅភាគខាងជើងនៅតែបន្តមានភ្លៀងធ្លាក់នៅឡើយ ដោយខាងភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា នៅរយៈពេល ២៤ ទៅ ២៨ ម៉ោងខាងមុខ ភាគពាយ័ព្យប្រទេសនឹងមានភ្លៀងធ្លាក់ក្នុងបរិមាណទឹក ៧០-១៤០ មីលីម៉ែត្រដោយកន្លែងខ្លះអាចខ្លាំងដល់ ២៥០ មីលីម៉ែត្រ គិតចាប់ពីថ្ងៃទី ០៩ ខែកញ្ញា នេះរហូតដល់យប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤៕
ប្រភព៖ VN Express