យុវវ័យជប៉ុនជាច្រើន ត្រូវគេរកឃើញថាមិនធ្លាប់ស្គាល់ស្នាមថើបដំបូង ជាសញ្ញាធ្លាក់ចុះអត្រាកំណើត
កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ សមាគមជប៉ុនសម្រាប់ការអប់រំផ្លូវភេទ (Japan Association for Sex Education) បានរកឃើញថា មួយក្នុងចំណោមប្រាំនាក់នៃសិស្សវិទ្យាល័យក្នុងប្រទេសជប៉ុន មិនដែលស្គាល់ស្នាមថើបដំបូងឡើយ ដែលនេះជាចំនួនទាបបំផុតមិនធ្លាប់មានតាំងពីឆ្នាំ ១៩៧៤ មក។ ចំនួនដែលរកឃើញនេះដែរ ខាងសមាគមបានធ្វើការស្ទង់មតិលើសិស្សអនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យជាង ១២៥០០ នាក់។ ការសិក្សានេះដែរធ្វើឡើងរាល់ ៦ ឆ្នាំម្ដងលើអាកប្បកិរិយាផ្លូវភេទរបស់យុវវ័យក្មេងៗ។
ឆ្លងកាត់ការស្ទង់មតិលើក្រុមសិស្សចំនួន ៣ ក្រុម ភាគរយនៃសិស្សវិទ្យាល័យ (អាយុចន្លោះ ១៥-១៨ ឆ្នាំ) ដែលមិនធ្លាប់ស្គាល់ស្នាមថើបដំបូងបានកើនឡើងខ្លាំង។ ពោលគឺមានក្មេងប្រុសប្រមាណត្រឹម ២២% ប៉ុណ្ណោះធ្លាប់ស្គាល់ស្នាមថើបដំបូង ដែលចំនួននេះចុះ ១១% បើធៀបទៅកាលឆ្នាំ ២០១៧។ ចំពោះក្មេងស្រីវិញ ចំនួនមានត្រឹម ២៧.៥% ប៉ុណ្ណោះ។ អ្នកស្រាវជ្រាវបានបញ្ជាក់ថា ចំនួននេះគឺទាបខ្លាំងមែនទែនបើគិតតាំងពីការស្ទង់មតិកាលពីឆ្នាំ ១៩៧៤ មក។
ទន្ទឹមគ្នានោះ កាលពីឆ្នាំ ២០០៥ គឺបានឃើញការកើនឡើងចំនួនសិស្សវិទ្យាល័យទទួលបានស្នាមថើបដំបូង។ ក្នុងពេលនោះ សិស្សមួយក្នុងចំណោម ២ នាក់បានថើបគ្នា។ ក្រៅពីរៀបការ ១២% នៃក្មេងប្រុសរៀនថ្នាក់អនុ និង វិទ្យាល័យ បាននិយាយថាពួកគេធ្លាប់បានរួមភេទ ដែលចំនួននេះចុះ ៣.៥% បើធៀបនឹងឆ្នាំ ២០១៧។
តាមសមាគមខាងលើបានលើកឡើងដែរថា ការធ្លាក់ចុះនៃការថើបគ្នា និង រួមភេទនេះដែរ អាចមួយផ្នែកមកពីកត្តាផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបង្ខំឱ្យសាលាទាំងអស់ត្រូវបិទទ្វារ ហើយដើម្បីធានាសុវត្ថិភាព ខាងមន្ត្រីក្នុងប្រទេសក៏ស្នើឱ្យពលរដ្ឋរក្សាគម្លាតពីគ្នាផងដែរ។ ការផ្ដាច់ខ្លួនមួយរយៈធំនេះដែរបានធ្វើឱ្យយុវវ័យជាច្រើនលែងចាប់អារម្មណ៍លើសកម្មភាពផ្លូវភេទបើទោះនោះជារឿងធម្មជាតិក៏ដោយ ហើយបើសិនសកម្មភាពបែបនេះនៅតែបន្តទៅមុខទៀត វានឹងកាន់តែផ្ដល់ផលវិបាកដល់ប្រទេសក្នុងការគ្រប់គ្រងការធ្លាក់ចុះអត្រាកំណើត៕