ក្តៅគគុក! ក្រសួងសុខាភិបាលថៃ ប្រកាសត្រៀមខ្លួនទប់ទល់នឹងកូវីដ-១៩ ក្រោយបុណ្យសង្រ្កាន្តបានបញ្ចប់
សារព័ត៌មាន The Nation Thailand បានចុះផ្សាយកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ បានចុះផ្សាយថា លោកវេជ្ជបណ្ឌិត Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលសាធារណៈ បាននិយាយថា មនុស្សជាច្រើនបានចូលរួមពិធីបុណ្យសង្ក្រាន្ត នៅតាមកន្លែងមានមនុស្សច្រើនដែលមិនមានចាត់វិធានការការពារខ្លួនបានត្រឹមត្រូវ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសាធារណៈរំពឹងថានឹងមានចំនួនអ្នកជំងឺកូវីដច្រើននៅពេលសង្រ្កាន្តបានបញ្ចប់។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានលើកឡើងទៀតថា អ្នកដែលចូលរួមនៅកន្លែងមានមនុស្សច្រើនគួរតែឃ្លាំមើលខ្លួនឯងរយៈពេល ៧ ថ្ងៃ ហើយនៅឱ្យឆ្ងាយពីសាច់ញាតិចាស់ ឬ ឈឺ និង គួរតែធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួល ដោយលោកបានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ការពារខ្លួនឱ្យបានល្អ។ លោកក៏បានបន្ថែមទៀតថា បុគ្គលិកពេទ្យ និង ផ្នែកសុខភាពត្រូវបានណែនាំឱ្យរក្សាការណែនាំដល់សហគមន៍មូលដ្ឋាន លើកទឹកចិត្ត និង ចាក់វ៉ាក់សាំងប្រចាំឆ្នាំប្រឆាំងនឹងជំងឺរាតត្បាត ដោយត្រូវធានាថា ការផ្គត់ផ្គង់ និង ឧបករណ៍វេជ្ជសាស្ត្រមានគ្រប់គ្រាន់មាននៅនឹងដៃ ព្រមទាំងមានគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។
លើសពីនេះលោកបាននិយាយបន្ថែមថា ក្រៅពីនេះប្រជាជននៅតែត្រូវបានគេណែនាំឱ្យពាក់ម៉ាស់ការពារនៅកន្លែងដែលមានមនុស្សច្រើន និង ត្រូវទៅទទួលការចាក់វ៉ាក់សាំងប្រចាំឆ្នាំ។ ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ ក៏បាននិយាយដែរថា វីរុសបំប្លែងខ្លួនអូមីក្រុងនៅតែជាវីរុសលេចធ្លោ ហើយវីរុស XBB.1.16 អាចនឹងលេចធ្លោនាពេលអនាគត ដែលជាបញ្ហាគួរប្រុងប្រយ័ត្ន៕
ប្រភព ៖ The Nation Thailand