នារីម្នាក់ត្រូវបុគ្គលិកហាងម៉ាក់ល្បីមួយមើលងាយ តែត្រូវនាងឱ្យមេរៀនវិញចាស់ដៃ រហូតនាំគ្នាមកលុតជង្គង់សុំទោសដល់សណ្ឋាគារ
ថ្មីៗនេះ ស្រ្តីជនជាតិចិនម្នាក់បានទម្លាយរឿងរ៉ាវរបស់នាង ដែលត្រូវបុគ្គលិកនៅហាងប្រ៊េនល្បីមួយកន្លែងនាទីក្រុងតូក្យូ ប្រទេសជប៉ុន មើលងាយរហូតដល់នាងឆេះដុំតាមរករឿងដល់ទីបញ្ចប់ ដល់ថ្នាក់បុគ្គលិកមកលុតជង្គង់សុំទោសនាងដល់បន្ទប់សណ្ឋាគារ។
ស្រ្តីរូបនេះបានឱ្យដឹងថា នាងបានចូលទៅក្នុងហាង FENDI ដើម្បីមើលកន្សែងបង់-កមួយ ហើយខណៈនាងកំពុងលមើលសុខៗ ក៏មានបុគ្គលិកម្នាក់ដើរមកកញ្ឆក់កន្សែងពីនាងទៅឱ្យភ្ញៀវម្នាក់ទៀតមើល ដែលធ្វើឱ្យនាងកើតការខឹងសម្បាជាខ្លាំង។ នាងក៏បានប្តឹងទៅកាន់អ្នកចាត់ការប្រចាំហាង ហើយគេក៏បាននាំបុគ្គលិកមកសុំទោសម្តងហើយ តែមើលទៅដូចជាសុំទោសទាំងមិនពេញចិត្ត ទើបនាងបានដាក់ប្តឹងទៅកាន់សាខាធំរបស់ប្រ៊េនតែម្តង។
យ៉ាងណាមិញ ចុងក្រោយខាងសាខាធំរបស់ប្រ៊េនក៏បានផ្ញើអ៊ីមែលមកសុំទោសនាង ព្រមទាំងបានបញ្ជូនបុគ្គលិកទាំង ៤ នាក់ រួមទាំងបុគ្គលិកដែលបានធ្វើរឿងមិនសមរម្យមកលើនាងនោះ ឱ្យមកសុំទោសនាងដល់ក្នុងបន្ទប់សណ្ឋាគារ ដោយពួកគេម្នាក់ៗបានលុតជង្គង់សម្តែងក្តីសោកស្តាយចំពោះកំហុស ហើយក៏បានយកនំមកជូននាងជាការសងជំងឺចិត្តផងដែរ៕
ប្រភព៖ Kapook