ធ្លាប់មើលរឿង «កូនប្រុសបេះដូងពេជ្រ» ទេ? មកដឹងពីជីវិតបច្ចុប្បន្នរបស់តួឯក ក្រោយបញ្ចាំងចប់ជាង ២០ ឆ្នាំ
ជឿជាក់ថាប្រិយមិត្តដែល និយមតាមដានរឿងថៃកាលពីអំឡុងឆ្នាំ ៩០ ជាង និង ២០០០ មុខជាធ្លាប់បានទស្សនារឿង «កូនប្រុសបេះដូងពេជ្រ» ដែលជាចំណីចក្ខុប្លែកមួយបែប ជាពិសេសអមដោយបទចម្រៀងប្រកបសាច់រឿងយ៉ាងពីរោះ និងល្បីខ្លាំងគឺបទ «ពេលដែលបែកគ្នា ឬ កាលដើម» ដែលច្រៀងដោយ MKS។
ក្រោយរំលងទៅជាង ២០ ឆ្នាំ បច្ចុប្បន្នតួអង្គប្រុសស្រីក្នុងនេះ ក៏មានស្ថានភាពជីវិតប្រែប្រួលមិនតិចនោះដែរ។ ជាក់ស្តែងដូចជា៖
១. Chulachak Chakrabongse
Chulachak Chakrabongse សម្តែងជាតួ នាយពេជ្រ ជាតារាចម្រៀង និងសម្តែងល្បីឈ្មោះមួយរូប។ បច្ចុប្បន្នលោក Chulachak មានអាយុ ៤០ ឆ្នាំ ដោយលោកផ្តោតលើអាជីពជាតារាចម្រៀង ច្រើនជាងសម្តែង។ លោកបានដឹកដៃភរិយាដែលជាអ្នកក្រៅរង្វង់សិល្បៈ នៅឆ្នាំ ២០០៩ ហើយមានកូនប្រុសចំនួន ២ នាក់។
២. Namfon Kullanut
Namfon Kullanut សម្តែងជាតួនាង ណេតដាវ បច្ចុប្បន្នមានវ័យ ៤៥ ឆ្នាំ។ Namfon នៅតែបន្តអាជីពជាតារាសម្តែងយ៉ាងមានប្រជាប្រិយភាព ទោះបីមានវ័យច្រើនហើយក្តី ប៉ុន្តែរូបសម្រស់វិញហាក់នៅតែស្រស់ស្អាតដូចដើម។ Namfon បានរៀបការជាមួយបុរសអ្នកជំនួញជនជាតិអាមេរិក ហើយមានចំណងដៃជីវិតកូនស្រីមួយរូបបច្ចុប្បន្នមានអាយុ ៤ ឆ្នាំ។
៣. Montonn Jira
Montonn Jira សម្តែងជាតួនាយ អេកៈផុន សព្វថ្ងៃអាយុ ៤៣ ឆ្នាំ។ លោក Montonn ជាតារាចម្រៀង និងសម្តែងដ៏ល្បីឈ្មោះមួយរូប ដែលបច្ចុប្បន្នបានផ្អាកចេញពីការសម្តែងតាំងពីឆ្នាំ ២០១០ ហើយមកចាប់អាជីពផ្នែកចម្រៀងពេញលេញវិញ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកនិពន្ធ អ្នកផលិតបទចម្រៀងឆ្នើមមួយរូបប្រចាំប្រទេសថៃផងដែរ៕