ថែសុខភាពផង! នៅភ្នំពេញ និងខេត្តមួយចំនួននេះ អាចបន្តធ្លាក់ភ្លៀង ៣ ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃនេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ឱ្យបានដឹងថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ២,៥០ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្រប ដណ្តប់លើផ្ទៃដី ៣៦%។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចឹមមានល្បឿនមធ្យម ២,០០ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី ២០%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី១៥%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖