ភ្លេចៗខ្លួនមួយឆ្នាំបាត់! មិនទាន់នឹកនាយកទាយាទស្នងត្រកូល ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី ដឹកដៃគ្នាតែ ២ នាក់អបអរខួបអាពាហ៍ពិពាហ៍យ៉ាងរ៉ូមែនទិច
មកដល់ពេលនេះ រយៈពេល ១ ឆ្នាំហើយដែលពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ បានក្លាយជាស្វាមីភរិយាស្របច្បាប់ និង តាមប្រពៃណី ដោយបានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍យ៉ាងធំអធិកអធមកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ។
ក្រោយពីរៀបការរួច ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី បានចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ស្ដែងឱ្យឃើញនូវក្ដីសុខឈ្មោះជាប្ដីប្រពន្ធដ៏ផ្អែមល្ហែម ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចូលរួមជូនពរគូស្វាមីភរិយាមួយគូនេះព្រោងព្រាត។
លើសពីនេះ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ក៏ធ្លាប់បង្ហើបពីគម្រោងយកទាយាទស្នងត្រកូលដែលបង្ហាញឱ្យដឹងថា អ្នកនាង និង ស្វាមី ចង់បានកូនរហូត ៣ នាក់ទៀតផង គ្រាន់តែមិនទាន់បញ្ជាក់ថានឹងយកនៅពេលណា ដោយឃើញតែស្វាមីភរិយាមួយគូនេះ ចំណាយពេលវេលាក្នុងជីវិតប្ដីប្រពន្ធតែ ២ នាក់ ដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមនៅក្រៅប្រទេស និង ដើរកម្សាន្តជាច្រើនកន្លែង។
ជាក់ស្ដែង មកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ១ ឆ្នាំ ក៏បានឃើញពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញរូបភាពជាច្រើនសន្លឹកនៃសកម្មភាពរបស់អ្នកនាង និង ស្វាមីជាទីស្រឡាញ់ នាំគ្នាធ្វើពិធីអបអរខួបអាពាហ៍ពិពាហ៍នៅកន្លែងមួយយ៉ាងរ៉ូមែនទិច និង ក្ដីសុខខ្លាំង៕