ស្ត្រីម្នាក់នៅអេស្ប៉ាញ ដួលស្ល-ា./ប់នៅនឹងមុខពេទ្យភ្លាមៗ ក្រោយត្រូវសត្វកណ្ដុរ hamster ខាំ
តាមការចេញផ្សាយពីទូរទស្សន៍របស់អេស្ប៉ាញ Telecinco ស្ត្រីមានកូន ២ ម្នាក់ បានស្លាប់ក្រោយត្រូវសត្វកណ្ដុរ hamster ដែលក្រុមគ្រួសារចិញ្ចឹមខាំ។ តាមការបញ្ជាក់ពីខាងសាច់ញាតិបានឱ្យដឹងថា ស្ត្រីជាជនរងគ្រោះមានវ័យ ៣៨ ឆ្នាំ បានកើតអាការអស់កម្លាំង ហើយក៏សម្រេចចិត្តទៅគ្លីនិកមួយកន្លែងនៅភាគខាងកើតក្រុង Villarreal ជាមួយកូនៗទាំងពីរនាក់នៅវេលាម៉ោងប្រមាណ ១០ កន្លះយប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ប៉ុន្តែមិនទាន់ចូលដល់គ្លីនិកផងក៏បានដួលសន្លប់ភ្លាមៗតែម្ដង។
ក្រុមបុគ្គលិកពេទ្យបានព្យាយាមធ្វើការសង្គ្រោះបឋមលើជនរងគ្រោះផងដែរ ប៉ុន្តែជាអកុសលនៅតែមិនអាចសង្គ្រោះបាន។ ករណីដួលស្លាប់ភ្លាមៗរបស់ស្ត្រីរងគ្រោះនេះដែរ ខាងអាជ្ញាធរនឹងធ្វើកោសល្យវិច័យដើម្បីរកមូលហេតុពិតប្រាកដ។ លទ្ធផលមិនទាន់បានទម្លាយនៅឡើយទេ គ្រាន់តែដឹងតាមសាច់ញាតិជនរងគ្រោះដែលបានបញ្ជាក់ថា រូបនាងក៏កើតមានបញ្ហាស្ត្រេស និង កើតជំងឺហឺតផងដែរ ដែលអាចជាហេតុបណ្ដាលឱ្យស្ថានភាពសុខភាពរបស់នាងកាន់តែធ្ងន់ធ្ងរ។
តាមការលើកឡើងពីអ្នកជំនាញវេជ្ជសាស្ត្របានបញ្ជាក់ថា ជំងឺឆ្កែឆ្កួត និង មេរោគឆ្លងដទៃផ្សេងទៀតអាចចម្លងបានតាមរយៈការខាំពីសត្វកណ្ដុរ hamster ដែលមានផ្ទុកមេរោគនោះ ដូច្នេះអ្នកដែលត្រូវបានសត្វចិញ្ចឹមខាំ ត្រូវតែលាងសម្អាតមុខរបួសឱ្យបានល្អដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង៕
ប្រភព៖ Kenh14