ក្ដីសង្ឃឹមធ្លាក់ដល់សូន្យ! យន្តហោះដឹកអនុប្រធានាធិបតីប្រទេស Malawi រកឃើញហើយ អ្នកដំណើរបាត់.-បង់ជី-/វិតទាំងអស់
កាលពីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) យន្តហោះយោធាមួយគ្រឿង ដឹកអនុប្រធានាធិបតីប្រទេស Malawi លោក Saulos Chilima រួមជាមួយមនុស្ស ៩ នាក់ផ្សេងទៀត បានបាត់ខ្លួនដាច់ទំនាក់ទំនងពីរ៉ាដាភ្លាមៗ។ តាមការឱ្យដឹង យន្តហោះនោះដែរ គឺគ្រោងនឹងចុះចតនៅព្រលានយន្តហោះ Mzuzu នៅវេលាម៉ោង ១០ និង ០២ នាទីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ប៉ុន្តែបែរជាបាត់ដានពីរ៉ាដាទៅវិញ។
ភ្លាមៗនោះដែរ ខាងកងកម្លាំងពាក់ព័ន្ធ ក៏បានបញ្ជូនចុះប្រតិបត្តិការរុករកផងដែរ ហើយការស្វះស្វែងរុករក ទីបំផុតយន្តហោះក៏ត្រូវបានរកឃើញ ប៉ុន្តែជាអកុសល អ្នកនៅលើយន្តហោះទាំងប៉ុន្មាន ត្រូវបាត់បង់អាយុជីវិតទាំងអស់។
ជាក់ស្ដែង បើតាមការបញ្ជាក់ពីខាងការិយាល័យប្រធានាធិបតីប្រទេស Malawi បានចេញលិខិតប្រកាសរៀបរាប់ថា៖ «យន្តហោះ ដឹកអនុប្រធានាធិបតី លោក Saulos Klaus Chilima ត្រូវបានរកឃើញហើយនៅព្រឹកនេះ ក្នុងតំបន់ព្រៃ Chikangawa។ តែជាអកុសល អ្នកដំណើរលើនោះទាំងអស់ បានបាត់បង់ជីវិត។ លោកប្រធានាធិបតី បានប្រកាសថ្ងៃកាន់ទុក្ខ និងបញ្ជាឱ្យមានការបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃប្រារព្ធពិធីបុណ្យ»។
គួរបញ្ជាក់ថា លោក Saulos Chilima អាយុ ៥១ ឆ្នាំ បានកាន់តំណែងជាអនុប្រធានាធិបតីប្រចាំប្រទេស Malawi តាំងពីឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន។ លោក ក៏ចាត់ទុកជាបេក្ខភាពប្រធានាធិបតីដ៏មានសក្ដានុពលមួយរូបសម្រាប់ការបោះឆ្នោតនៅឆ្នាំខាងមុខផងដែរ៕