ក្តៅគគុក! ថៃប្រឈមបាត់សិទ្ធិធ្វើ SEA Games ទៀត បើសិនការធ្វើម្ចាស់ផ្ទះ Asian Indoor and Mrtial Arts Games ឆ្នាំនេះត្រូវដកចេញ
នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia) នឹងប្រជុំសម្រេចជោគវាសនាប្រទេសថៃ ក្នុងការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាក្បាច់គុន និង ក្នុងសាលអាស៊ី (Asian Indoor and Mrtial Arts Games) ឆ្នាំនេះ ថាតើត្រូវដកសិទ្ធិនេះ ឬយ៉ាងណា?
ការប្រជុំសម្រេចនេះ គឺធ្វើឡើងបន្ទាប់ពីប្រទេសថៃសម្រេចចិត្តដកកីឡាចំនួន ១៤ ប្រភេទ ចេញពីកម្មវិធីប្រកួត Asian Indoor and Mrtial Arts Games ត្រឹមពេល ៣ ខែមុនព្រឹត្តិការណ៍ប្រកួតចាប់ផ្ដើម។ តាមព័ត៌មានបានឱ្យដឹងថា ប្រទេសថៃគឺគ្រោងនឹងរៀបចំការប្រកួត Asian Indoor and Mrtial Arts Games នេះ ចាប់ពីថ្ងៃទី ២១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនៅទីក្រុងបាងកក និង ខេត្ត Chon Buri។
ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ លោក Chaiyapak Siriwat អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានលើកឡើងថា ការសម្រេចចិត្តរបស់ថៃក្នុងការកាត់បន្ថយចំនួនប្រភេទកីឡាប្រកួតក្នុងព្រឹត្តិការណ៍ឆាប់ៗខាងមុខនេះ គឺជះផលអវិជ្ជមានមកលើប្រទេសខ្លួន។ លោកបានរៀបរាប់ថា ៖ «ប្រសិនបើថៃបាត់បង់សិទ្ធិរៀបចំព្រឹត្តិការណ៍ប្រកួត Asian Indoor and Mrtial Arts Games នេះ វាក៏អាចប៉ះពាល់ដល់សិទ្ធិក្នុងការរៀបចំការប្រកួត SEA Games នៅឆ្នាំក្រោយដូចគ្នា»។
លោក Chaiyapak បានបន្ថែមទៀតថា ៖ «ខាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានទទួលដំណឹងនៅប៉ារីសថា ប្រទេសថៃនឹងមិនដាក់ឱ្យមានការប្រកួតកីឡាវាយសី វាយកូនបាល់ (baseball) បុកប៊ីយែ cheerleading ចាក់សាប (fencing) ប្រកួត hockey ក្នុងសាល ប្រកួត netball ហែលទឹកក្នុងសាល អត្តពលកម្មក្នុងសាល ចែវទូកក្នុងសាល (Indoor Rowing) បាញ់កាំភ្លើង បាល់ទះ លើកទម្ងន់ និងការប្រកួតកីឡាចំបាប់ ហើយកង្វះថវិកាត្រូវបានចាត់ជាហេតុផលពីក្រោយការសម្រេចចិត្តដកកីឡាទាំងនេះចេញពីកម្មវិធី»។
លោកបានឱ្យដឹងទៀតថា ការសម្រេចចិត្តនេះបានធ្វើឱ្យគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំង ក៏ព្រោះតែបណ្ដាប្រទេសផ្សេងៗក្នុងអាស៊ី រួមទាំងប្រទេសថៃខ្លួនឯងផងនោះ បានចំណាយថវិកាយ៉ាងច្រើនក្នុងការរៀបចំអត្តពលិករបស់ខ្លួនសម្រាប់ការប្រកួតកីឡាទាំងនេះ។ លោកបានសង្កត់ធ្ងន់ថា ៖ «ការធ្វើបែបនេះ បានធ្វើឱ្យប្រទេសថៃបានបាត់បង់ credit ខ្លួនឯងច្រើន និង ថែមទាំងអាចឱ្យខ្លួនឯងរងប៉ះពាល់ឱកាសជាម្ចាស់ផ្ទះកីឡា SEA Games នៅឆ្នាំក្រោយដូចគ្នា»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាក្បាច់គុន និង ក្នុងសាលអាស៊ី ដំបូងឡើយគ្រោងនឹងប្រកួតកីឡាសរុប ៣៨ ប្រភេទ ជាមួយមេដាយមាសសរុប ៣៦៤ មេដាយ៕
ប្រភព៖ Bangkok Post