នេះហើយជាវាលខ្សាច់ល្បីទាំង ៥ ក្នុងពិភពលោក ពេលថ្ងៃក្តៅចង់ឆេះ តែយប់ចូលដល់ត្រជាក់ស្រេង
វាលខ្សាច់ គឺស្ថិតក្នុងចំណោមតំបន់ទេសភាពធម្មជាតិដែលទាក់ទាញបំផុតមួយក្នុងពិភពលោក ព្រោះតែភាពស្រស់ស្អាតរបស់វាមិនចេះចប់មិនចេះហើយ។ ម្យ៉ាងទៀតវាក៏ជាកន្លែងដែលមនុស្សមួយចំនួនគិតថាពិបាករស់នៅជាទីបំផុត ខណៈដែលអ្នកខ្លះទៀតចូលចិត្តវា ដោយសារតែវាហាក់ដូចជាកន្លែងសម្រាប់ដំណើរផ្សងព្រេងមួយដែលមានបង្កប់នូវអាថ៌កំបាំងជាច្រើន។ ខាងក្រោមនេះ គឺជា វាលខ្សាច់ទាំង ៥ ដែលល្បីក្នុងពិភពលោក។
១. វាលខ្សាច់សាហារ៉ា
វាលខ្សាច់សាហារ៉ា អាចជាវាលខ្សាច់ក្តៅបំផុតក្នុងពិភពលោក ហើយមនុស្សជាច្រើនគិតថាវាក៏ធំជាងគេដែរ ប៉ុន្តែតាមពិតវាគឺនៅលេខបី ដែលគ្របដណ្តប់ភាគច្រើននៃទ្វីបអាហ្រ្វិកខាងជើង។ តាមពិតវាលខ្សាច់នេះមានសីតុណ្ហភាពដែលអាចឈានដល់ ៥០ អង្សានៅរដូវក្តៅ ហើយពេលយប់អាចធ្លាក់ចុះត្រជាក់។
២. វាលខ្សាច់ Namib
វាលខ្សាច់ Namib គ្របដណ្តប់ប្រទេសណាមីប៊ី អង់ហ្គោឡា និង អាហ្វ្រិកខាងត្បូង ដែលលាតសន្ធឹងប្រហែល ២០០០ គីឡូម៉ែត្រ តាមបណ្តោយឆ្នេរអាត្លង់ទិក ហើយវាក៏ជាវាលខ្សាច់ចំណាស់ជាងគេបំផុតក្នុងពិភពលោក ដែលត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលចន្លោះពី ៥៥ ទៅ ៨០ លានឆ្នាំ។
៣. វាលខ្សាច់ Gobi
វាលខ្សាច់ Gobi គ្របដណ្តប់ផ្នែកខ្លះនៃភាគខាងជើង និង ភាគពាយ័ព្យនៃប្រទេសចិន ហើយភាគខាងត្បូងម៉ុងហ្គោលី។ វាជាវាលខ្សាច់ធំជាងគេទី ៥ ក្នុងពិភពលោក និង ធំជាងគេនៅអាស៊ី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ Gobi ជាវាលខ្សាច់ដ៏ត្រជាក់ ដែលអាស្រ័យលើពេលវេលានៃឆ្នាំ និង មានព្រិលនៅទីនោះដែរ។ នៅរដូវរងាវាធ្លាក់ចុះដល់ -៤០ អង្សា ប៉ុន្តែរដូវក្តៅវាអាចឡើងដល់ជាង ៥០ អង្សា ហើយតំបន់ទាំងមូលត្រូវបានគេស្គាល់ទូទាំងពិភពលោក ជាពិសេសអ្នកបុរាណវិទ្យាថាវាជាប្រភពនៃហ្វូស៊ីលសំខាន់ៗ ជាពិសេសស៊ុតដាយណូស័រទៀតផង។
៤. វាលខ្សាច់ Atacama
វាលខ្សាច់ Atacama គឺជាវាលខ្សាច់ដ៏ស្ងួតបំផុតនៅលើពិភពលោក ដែលភាគច្រើនមានស្រែអំបិល ដោយទឹកភ្លៀងជាមធ្យមនៅក្នុងតំបន់ Antofagasta របស់ប្រទេសឈីលី គឺត្រឹមតែ ១ មិល្លីម៉ែត្រប៉ុណ្ណោះ ហើយស្ថានីយអាកាសធាតុមួយចំនួននៅ Atacama គឺមិនដែលទទួលបានទឹកភ្លៀងទេ។
៥. វាលខ្សាច់ Thar
វាលខ្សាច់ Thar គ្របដណ្តប់មួយផ្នែកធំនៃឧបទ្វីបឥណ្ឌាភាគពាយ័ព្យ ដែលតំបន់ Rajasthan, Haryana, Punjab និង Gujarat ទាំងអស់គឺមានទីតាំងនៅ Thar ហើយបានធ្វើឱ្យវាក្លាយជាតំបន់វាលខ្សាច់ដែលមានវប្បធម៌ច្រើនបំផុតក្នុងពិភពលោក៕
ប្រភព៖ ON THE GO TOURS BLOG