សព្វថ្ងៃ បុគ្គលម្នាក់ៗបានកំពុងប្រើប្រាស់បណ្តាញសង្គមក្នុងគោលបំណងផ្សេងៗគ្នា ខ្លះជាការកម្សាន្ត ខ្លះចែករំលែក ឯខ្លះទៀតជាការរកស៊ីជាដើម។ ដោយឡែក មានបុគ្គលមួយចំនួនតូច ដោយហេតុចង់បានចំណាប់អារម្មណ៍ ចង់ល្បីជាប្រយោជន៍ផ្ទាល់ខ្លួន ពួកគេបានប្រើបណ្តាញសង្គមជាធ្នាក់ទាក់ទាញអារម្មណ៍ និង ជួនបំពុលសង្គមតាមរយៈសកម្មភាពប្លែកៗស្ទើរមិនគួរឱ្យជឿ។
១. បង្កើតសាច់រឿង និយាយដើម និង ឈ្លោះប្រកែកគ្នា
ការឈ្លោះគ្នាជារឿងរវាងបុគ្គល និង បុគ្គល ប៉ុន្តែបុគ្គលប្រភេទនេះ ចូលចិត្តបង្ហោះសារ វីដេអូ ឬ Live វីដេអូ បង្កើតការចាប់អារម្មណ៍ ឱ្យគេឈឺឆ្អាលជាមួយរឿងរបស់ខ្លួន ទាំងដែលខ្លួនត្រូវដោះស្រាយតទល់ជាមួយបុគ្គលម្នាក់ទៀតដោយខ្លួនឯងសោះ។ ការដ្រាម៉ាហួសហេតុ ការនិយាយដើមដោយប្រយោល ឬដៀមដាមឱ្យតម្រុយ ក៏ជាចំណែកមួយបំពុលផងដែរ។
២. ចែករំលែករឿងមិនពិត
បុគ្គលចែករំលែកពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិត ដោយមិនបានឆែកប្រភពដើមច្បាស់លាស់ អាចបង្កឱ្យមហាជនលើបណ្តាញសង្គមមានភាពភ័យខ្លាច ការយល់ច្រឡំ ឬគ្រោះថ្នាក់។ ភាគច្រើនពួកគេធ្វើឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីល្បីផេក ល្បីខ្លួនឯងមួយឆាវៗ តែយូរៗទៅគ្មាននរណាម្នាក់ជឿទុកចិត្តគេឡើយ។ សកម្មភាពនេះ វាជាការបំផ្លាញទំនុកចិត្ត និង បន្តរង្វិលជុំនៃព័ត៌មានមិនពិត។
៣. រូបភាពជាការសម្តែង ឬ តាំងខ្លួនជាអ្នកមានញាណពិសេស
ការជឿឬមិនជឿ វាអាស្រ័យទៅលើបទពិសោធ និង កម្រិតយល់ដឹងរបស់អ្នកទស្សនា។ ក្នុងនោះទង្វើជាការសម្តែងរាប់តាំងពី ធ្វើពុតជាឈឺ ជាខ្លាច ជាឈ្លោះគ្នា ជារីករាយ ជាស្នេហា ឬអ្នកខ្លះទាក់ទងនឹងអបិយជំនឿ ការចូលរូប អភិនីហារ បុណ្យបារមីអីជាដើម។
៤. រិះគន់គ្រប់ទិស
មួយថ្ងៃៗបុគ្គលបែបនេះតែងនៅមិនសុខ កើតចិត្តស្អប់រិះគន់គេមិនឈប់។ ពួកគេចូលចិត្តរិះគន់អ្នកដទៃទៅលើរូបរាង ឬសមិទ្ធផលជោគជ័យណាមួយ។ រវល់តែរិះគន់រឿងគេ ភ្លេចខ្វល់ខ្វាយពីរឿងខ្លួនឯង យូរទៅៗទង្វើនឹងឆ្លុះបញ្ចាំងពីធាតុពិតខ្លួនឯង ល្បីជាមនុស្សដែលអ្នកជុំវិញខ្លួនមិនហ៊ានទៅជិត និង មិនគួរឱ្យទុកចិត្ត៕